សេចក្តីជូនដំណឹងលេខ​ ០៨៦​ គ.ជ.ប.ស.ជ.ណ ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើស ក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងជាសាធារណៈដល់គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិទាំងអស់ ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដូចខាងក្រោម ៖


I.ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ
 ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (ទ.១០០៧) ត្រូវចុះហត្ថលេខាដោយប្រធាន ឬតំណាងគណបក្សនយោបាយ ដែលទទួលការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយ។ ការផ្ទេរសិទ្ធិនេះមិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុងលិខិតផ្ទេរសិទ្ធិនោះមានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្ត។


១.ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការចុះឈ្មោះបោះឆ្នោត
- កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចាប់ផ្តើម ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។


-គណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយមានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួន មួយចំនួនតាមការចាំបាច់របស់គណបក្ស ដើម្បីសង្កេតមើលការចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងសង្កាត់។
-    គណបក្សនយោបាយ ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនតាមទម្រង់បែបបទ ១០០៧ (ទ.១០០៧) ទៅគណៈកម្មការរៀបចំការបោះឆ្នោត (គ.ខ.ប) ខេត្តព្រះសីហនុ។


-ពាក្យសុំចុះឈ្មោះភ្នាក់ងារ ទ. ១០០៧ ត្រូវផ្តល់ជូនដោយឥតគិតថ្លៃ នៅ គ.ខ.ប ខេត្តព្រះសីហនុ ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh។


-ភ្នាក់ងារគណបក្សនយោបាយដែលសង្កេតមើលការចុះឈ្មោះបោះឆ្នោតត្រូវពាក់បណ្ណសម្គាល់ដែលចេញដោយ គ.ខ.ប ខេត្តព្រះសីហនុ។
២.ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត
- កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចាប់ផ្តើមពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បញ្ចប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។


-គណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួន ចំនួន ២ (ពីរ) រូប ភ្នាក់ងារពេញសិទ្ធិ ចំនួន ១ (មួយ) រូប និងភ្នាក់ងារបម្រុង ចំនួន ១ (មួយ) រូប ដើម្បីសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនៃក្រុងដែលខ្លួនឈរឈ្មោះបោះឆ្នោត។


- គណបក្សនយោបាយ ដែលមានបញ្ជីឈរឈ្មោះបោះឆ្នោត ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅ គ.ខ.ប ខេត្តព្រះសីហនុ តាមទម្រង់បែបបទ ១០០៧។
- ពាក្យសុំចុះឈ្មោះភ្នាក់ងារ ទ. ១០០៧ ត្រូវផ្តល់ជូនដោយឥតគិតថ្លៃ នៅ គ.ខ.ប ខេត្តព្រះសីហនុឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh។


-    ភ្នាក់ងារគណបក្សនយោបាយដែលសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនៃក្រុងកំពង់សោម ត្រូវពាក់បណ្ណសម្គាល់ដែលចេញដោយ គ.ខ.ប ខេត្តព្រះសីហនុ។  

  

II.ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ
១. ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ
- កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ ចាប់ផ្តើមពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បញ្ចប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។


-អ្នកសង្កេតការណ៍ជាតិ គឺជនជាតិខ្មែរ ឬជនបរទេសជាសមាជិកនៃសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងអនុញ្ញាតដោយ គ.ជ.ប។
-សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលជាតិដែលមានបំណងចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ត្រូវដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍របស់ខ្លួននៅទីស្តីការ គ.ជ.ប (ការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី៩) រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង ៧:០០ (ប្រាំពីរ) ដល់ម៉ោង ១១:៣០ (ដប់មួយសាមសិប) នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០ (ដប់បួន) ដល់ម៉ោង ១៧:៣០ (ដប់ប្រាំពីរសាមសិប) នាទី។


-គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិមានផ្តល់ជូនដោយឥតគិតថ្លៃនៅទីស្តីការ គ.ជ.ប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh។


-អ្នកសង្កេតការណ៍ជាតិសង្កេតមើលការចុះឈ្មោះបោះឆ្នោត ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត តាមការិយាល័យចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ត្រូវពាក់បណ្ណសម្គាល់អ្នកសង្កេតការណ៍ជាតិដែលចេញដោយ គ.ជ.ប តាមរយៈ គ.ខ.ប។


២.ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ
- កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ផ្តើមពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បញ្ចប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។


-អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិដែលមានបំណងចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ត្រូវដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិរបស់ខ្លួននៅទីស្តីការ គ.ជ.ប (ការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី៩) រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង ៧:០០ (ប្រាំពីរ) ដល់ម៉ោង ១១:៣០ (ដប់មួយសាមសិប) នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០ (ដប់បួន) ដល់ម៉ោង ១៧:៣០ (ដប់ប្រាំពីរសាមសិប) នាទី ឬតាមរយៈអ៊ីមែល info@nec.gov.kh
-គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ និងបណ្ណសម្គាល់អ្នកសង្កេតការណ៍អន្តរជាតិមានផ្តល់ជូនដោយឥតគិតថ្លៃនៅទីស្តីការ គ.ជ.ប។ ទម្រង់បែបបទអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh
-អ្នកសង្កេតការណ៍អន្តរជាតិដែលអនុញ្ញាតដោយ គ.ជ.ប មានសិទ្ធិសង្កេតមើលដំណើរការបោះឆ្នោតទាំងមូល ឬតាមដំណាក់កាល និងគ្រប់ទីកន្លែងទាំងអស់ក្នុងមណ្ឌលបោះឆ្នោត ហើយត្រូវពាក់បណ្ណសម្គាល់ខ្លួនដែលចេញដោយ គ.ជ.ប។


III. សំណូមពរ
បន្ទាប់ពីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាបានចប់សព្វគ្រប់ហើយ សាមីអង្គការសង្កេតការណ៍ទាំងឡាយត្រូវផ្តល់របាយការណ៍ជាលាយលក្ខណ៍អក្សរស្តីពីការសង្កេតឃើញ និងសេចក្តីសន្និដ្ឋានរបស់ខ្លួននៅក្នុងដំណើរការបោះឆ្នោតជូន គ.ជ.ប។
គ.ជ.ប សង្ឃឹមថា គ្រប់គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ គ.ខ.ប ខេត្តព្រះសីហនុ នឹងយកចិត្តទុកដាក់សហការឱ្យបានល្អ ដើម្បីជំរុញឱ្យដំណើរការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ។

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore