សេចក្តីជូនដំណឹងលេខ​ ០៨៧​ គ.ជ.ប.ស.ជ.ណ ស្តីពីការដាក់ និងការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងជាសាធារណៈដល់គណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជីស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ ហើយមានបំណងសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ ឱ្យបានជ្រាបថា ៖

 

  • នីតិវិធីនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ត្រូវអនុវត្តតាមជំពូកទី២ ផ្នែកទី៣ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ គណបក្សនយោបាយ អាចទាញយកនីតិវិធីនេះពីគេហទំព័រ គ.ជ.ប www.nec.gov.kh។
  • ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនិងបញ្ជីបេក្ខជនឈរឈ្មោះត្រូវធ្វើនៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ។
  • គណបក្សនយោបាយដែលមានបំណងឈរឈ្មោះបោះឆ្នោតត្រូវមកយកគំរូពាក្យសុំនៅ គ.ជ.ប ឬគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ​ ចាប់ពីថ្ងៃជូនដំណឹងនេះ ឬអាចទាញយកពីគេហទំព័រ គ.ជ.ប www.nec.gov.kh និងត្រូវដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ (ទ.១០០៨) តាមទម្រង់បែបបទកំណត់ដោយ គ.ជ.ប នៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ។
  • កាលបរិច្ឆេទ និងពេលវេលាទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ គឺចាប់ផ្តើមពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ។
  • ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះត្រូវមានភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចមានក្នុងទម្រង់បែបបទលេខ ១០០៨។

     

គ.ជ.ប សង្ឃឹមទុក​ជាមុនថា គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយរួចហើយ និងមានបំណងឈរឈ្មោះបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាព។

ទាញយកកម្មវិធី(App) CamNEC News