សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៤៥​ ស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតនៅតាមឃុំ សង្កាត់ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤

នាព្រឹកថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់      គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្ដម យិច សមិទ្ធិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីប្រកាសផ្សាយអំពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា ឬ/និងបណ្តឹងជំទាស់ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងការអញ្ជើញប្រជាពលរដ្ឋឱ្យទៅមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត។ 


ឯកឧត្ដម យិច សមិទ្ធិ បានមានប្រសាសន៍ថា បន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត ក្នុងប្រព័ន្ធផ្ទុកទិន្នន័យរួចរាល់ គ.ជ.ប ត្រូវធ្វើការបោះពុម្ពបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់នីមួយៗ ចំនួន ៣ ច្បាប់ ដើម្បីផ្តល់ជូនក្រុមប្រឹក្សាឃុំ សង្កាត់ និងសម្រាប់បិទផ្សាយជាសាធារណៈ ដោយ ១ ច្បាប់ បិទផ្សាយនៅតាមសាលាឃុំ សង្កាត់ ១ ច្បាប់ទៀត បិទផ្សាយនៅទីតាំងណាមួយក្នុងឃុំ សង្កាត់ និងផ្តល់ជូនក្រុមប្រឹក្សាឃុំ សង្កាត់ ១ ច្បាប់ សម្រាប់ប្រើប្រាស់តាមការចាំបាច់។


ឯកឧត្តម យិច សមិទ្ធិ បានមានប្រសាសន៍បន្តថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ នឹងត្រូវធ្វើនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ដែលការបិទផ្សាយត្រូវធ្វើព្រមគ្នានៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ហើយបញ្ជីទាំងពីរនេះ ត្រូវបិទនៅទន្ទឹមគ្នាលើទីតាំងតែមួយ ដើម្បីឱ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន។ ឯកឧត្តម បន្តថា គ.ជ.ប បានបង្ហោះបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅលើគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទដៃ (App) NEC KH ផងដែរ។


ឯកឧត្ដម យិច សមិទ្ធិ បានមានប្រសាសន៍បន្ថែមទៀតថា ដើម្បីធានាការសម្ងាត់ សន្តិសុខ សុវត្ថិភាពទិន្នន័យអត្តសញ្ញាណអ្នកបោះឆ្នោត បញ្ជីបោះឆ្នោតដំបូងដែលត្រូវបង្ហោះនៅលើគេហទំព័រ គ.ជ.ប voterlist.nec.gov.kh និងតាមកម្មវិធីទូរសព្ទដៃ (App) NEC KH មានបង្ហាញតែឈ្មោះ និងលេខកូដរាជធានី ខេត្ត ឃុំ សង្កាត់ ឈ្មោះភូមិ ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត លេខរៀងក្នុងបញ្ជីបោះឆ្នោត អត្តលេខ លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬ/និងលេខឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ)  និងបង្ហាញតែលេខ ៣ ខ្ទង់ចុងក្រោយ នាមត្រកូល នាមខ្លួន ភេទ និងថ្ងៃ ខែ ឆ្នាំកំណើតរបស់អ្នកបោះឆ្នោតតែប៉ុណ្ណោះ។  ហើយសម្រាប់បញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត និងមានបង្ហាញបន្ថែមនូវការបញ្ជាក់អំពីមូលហេតុដែលត្រូវលុបនៅលើនោះផងដែរ។


ឯកឧត្ដម យិច សមិទ្ធិ បានជម្រាបជូនអំពីតួលេខក្នុងបញ្ជីបោះឆ្នោតដំបូងថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនោះ មានចំនួន ៩.៩៩២.៤២១ (ប្រាំបួនលាន ប្រាំបួនរយកៅសិបពីរពាន់ បួនរយម្ភៃមួយ) នាក់ ក្នុងនោះស្រ្តី មានចំនួន ៥.៣០៤.៨៥៥ (ប្រាំលាន បីរយបួនពាន់ ប្រាំបីរយ ហាសិបប្រាំ) នាក់ និងមានការិយាល័យបោះឆ្នោត សរុបចំនួន ២៤.១៩០ (ម្ភៃបួនពាន់ មួយរយកៅសិប) ការិយាល័យ។ ដោយឡែក អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយមូលហេតុ ផ្លាស់ចេញ ស្លាប់ ឈ្មោះស្ទួន និងការដកសិទ្ធិបោះឆ្នោត ផ្អែកតាមឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ មានចំនួនសរុប ១១១.៨៨៩ (មួយរយដប់មួយពាន់ ប្រាំបីរយប៉ែតសិបប្រាំបួន) នាក់។


ឯកឧត្ដម យិច សមិទ្ធិ បានជម្រាបជូនបន្តថា គណបក្សនយោបាយដែលបានចុះបញ្ជីស្រប តាមច្បាប់ស្ដីពីគណបក្សនយោបាយ មានសិទ្ធិស្នើសុំបញ្ជីបោះឆ្នោតដំបូងច្បាប់ថតចម្លងបានដោយបង់ថ្លៃ។ តម្លៃនេះត្រូវគិតត្រឹមតែតម្លៃផលិតប៉ុណ្ណោះ។ ម្យ៉ាងទៀត គណបក្សនយោបាយក៏អាចស្នើសុំនូវបញ្ជីបោះឆ្នោតតាមទម្រង់ PDF File ដែលមានបង្ហាញតែឈ្មោះ និងលេខកូដរាជធានី ខេត្ត ឃុំ សង្កាត់ ឈ្មោះភូមិ ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត លេខរៀងក្នុងបញ្ជីបោះឆ្នោត អត្តលេខ លេខ អ.ខ ឬ/និងលេខ ឯ.អ បង្ហាញតែលេខ ៣ ខ្ទង់ចុងក្រោយ នាមត្រកូល និងនាមខ្លួន ភេទ និងថ្ងៃ ខែ ឆ្នាំកំណើតរបស់អ្នកបោះឆ្នោតប៉ុណ្ណោះ។


អំពីការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ឯកឧត្ដម យិច សមិទ្ធិ បានមានប្រសាសន៍ថា ជនណាក៏ដោយមានសិទ្ធិប្ដឹងតវ៉ា ឬ/និងប្ដឹងជំទាស់ជាលាយលក្ខណ៍អក្សរ តាមទម្រង់ បែបបទពាក្យបណ្តឹង ទ.១២០២ ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីនោះ។ ឯកឧត្ដម បានបញ្ជាក់ថា ពាក្យបណ្ដឹងតវ៉ា អាចធ្វើឡើងអំពីការបាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែកត់ត្រាមិនច្បាស់លាស់ ឬត្រូវបាន គ.ជ.ប លុបឈ្មោះមិនត្រឹមត្រូវ ទៅតាមករណី ដូចជា មិនឃើញមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង (មានបង្កាន់ដៃបញ្ជាក់ពីការចុះឈ្មោះបោះឆ្នោត ឬបង្កាន់ដៃទទួលការប្ដូរការិយាល័យក្នុងឃុំ សង្កាត់ ជាភស្តុតាង) មានឈ្មោះ ប៉ុន្តែឈ្មោះនោះស្ថិតនៅក្នុងការិយាល័យផ្សេងទៅវិញ មានឈ្មោះ ប៉ុន្តែឈ្មោះរបស់គាត់ និងទិន្នន័យពាក់ព័ន្ធមានភាពមិនច្បាស់លាស់ ឬមិនត្រឹមត្រូវតាមព័ត៌មានដែលគាត់បានផ្តល់ឱ្យ និងឃើញឈ្មោះដែរ តែឈ្មោះនោះស្ថិតនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់។ 


ឯកឧត្ដម បានមានប្រសាសន៍បន្តទៀតថា ចំណែកឯពាក្យបណ្ដឹងជំទាស់ អាចធ្វើឡើងចំពោះបុគ្គលណាម្នាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ប៉ុន្តែជននោះមិនមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដោយសារមិនមានសញ្ជាតិខ្មែរ មិនទាន់គ្រប់អាយុចុះឈ្មោះបោះឆ្នោតស្របតាមច្បាប់ មិនមានលំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់នោះ ស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ ឬត្រូវបានដកសិទ្ធិបោះឆ្នោត ឬវិកលចរិត ឬស្ថិតក្រោមអាណាព្យាបាលទូទៅ ដោយមានលិខិតបញ្ជាក់ពីក្រសួង ឬស្ថាប័នមានសមត្ថកិច្ច ហើយជននោះមានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើនជាងមួយកន្លែង។


ចំពោះយន្តការ និងសមត្ថកិច្ចក្នុងការទទួល និងដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងបញ្ជីទាំងពីរនោះ មានបីថ្នាក់ គឺដោះស្រាយថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់ គ.ជ.ប និងថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញ។ សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា។ 


ភាគីដែលចូលរួមក្នុងកិច្ចប្រជុំ បានលើកជាសំណួរអំពីភាគរយនៃអ្នកចុះឈ្មោះបោះឆ្នោតថ្មី និងគោលបំណងនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។ 


ឆ្លើយតបទៅនឹងសំណួរខាងលើ គ.ជ.ប បានបញ្ជាក់ជូនថា តួលេខប៉ាន់ស្មានសម្រាប់ធ្វើការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នេះ មាន ២២៤.១៥៦នាក់ អ្នកបានចុះឈ្មោះបោះឆ្នោតថ្មី ១៧៧.៥៦៨នាក់ បើគិតជាភាគរយស្មើនឹង ៧៩.២២% នៃផែនការ។ ចំពោះគោលបំណងនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតនោះ គឺដើម្បីឱ្យអ្នកបោះឆ្នោតពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន និងដើម្បីប្ដឹងតវ៉ា ឬ/និងប្ដឹងជំទាស់។ ករណីបណ្តឹងនេះ ឯកឧត្តមប្រធានដឹកនាំអង្គប្រជុំ បានជម្រាបជូនខាងដើមរួចហើយ។ 

    
ជាចុងក្រោយ ឯកឧត្ដម យិច សមិទ្ធិ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះ បោះឆ្នោតរួចហើយ សូមទៅពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដែលមានបិទផ្សាយនៅតាម ឃុំ សង្កាត់ ឬតាមគេហទំព័ររបស់ គ.ជ.ប ឬតាម App ទូរសព្ទដៃ។ ប្រសិនបើ រកឃើញថា មានកំហុសឆ្គង សូមរួសរាន់ដាក់ពាក្យបណ្តឹងទៅកាន់ក្រុមប្រឹក្សាឃុំ សង្កាត់ នៃឃុំ សង្កាត់ដែលបងប្អូនបានចុះឈ្មោះបោះឆ្នោតយ៉ាងយូរត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។


ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងការពារជាតិ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងគណបក្ស នយោបាយចំនួន ១៥ គណបក្ស តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ១២ ព្រមទាំង អ្នកសារព័ត៌មាន សរុបចំនួន ៦៤ នាក់៕ 
 

ទាញយកកម្មវិធី(App) CamNEC News