សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៤៧ គ.ជ.ប ស្តីពីឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ទទួលជួបសវនាការជាមួយ ឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា

ឆ្លើយតបតាមសំណើរបស់ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី នាព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១១:០០ នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួលជួបសវនាការជាមួយ ឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី រួមជាមួយសហការីស្ថានទូត ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងស្ថាប័ននីតិបញ្ញត្តិ តួនាទីរបស់ស្ថាប័ននេះ ប្រព័ន្ធគណបក្សនយោបាយ និងប្រព័ន្ធបោះឆ្នោតសមាមាត្រនៅកម្ពុជា។ 

 

ជាដំបូង ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានស្វាគមន៍ប្រតិភូម៉ាឡេស៊ី ដែលមាន ឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ព្រមទាំងសហការីស្ថានទូតប្រចាំនៅកម្ពុជា ដែលបានអញ្ជើញមកដល់ទីស្តីការ គ.ជ.ប ដើម្បីពិភាក្សាការងារ។ ជាកិច្ចឆ្លើយតប ប្រតិភូម៉ាឡេស៊ីបានថ្លែងអំណរគុណដល់ឯកឧត្តមប្រធាន គ.ជ.ប ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបជាមួយប្រតិភូម៉ាឡេស៊ី។  

 

ជាកិច្ចបន្ត ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនប្រតិភូម៉ាឡេស៊ីដោយសង្ខេបអំពីស្ថាប័ននីតិបញ្ញត្តិនៅកម្ពុជា មានព្រឹទ្ធសភា និងរដ្ឋសភា និងតួនាទីរបស់ស្ថាប័នទាំងពីរនេះ។  ឯកឧត្ដម បានមានប្រសាសន៍បន្តថា ស្ថាប័នទាំងពីរនេះ ជាអង្គការនីតិបញ្ញត្តិ បំពេញតួនាទីរបស់ខ្លួនតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ ដែលមានចែងអំពីតួនាទីរបស់ស្ថាប័នព្រឹទ្ធសភា និងរដ្ឋសភា។ ជាទូទៅច្បាប់ទាំងឡាយត្រូវបានស្នើឡើងដោយរាជរដ្ឋាភិបាលមករដ្ឋសភា ប៉ុន្តែមានសេចក្តីព្រាងច្បាប់ខ្លះផ្តួចផ្តើមឡើងដោយក្រុមសមាជិកសភាផងដែរ។

 

នៅពេលរដ្ឋសភាអនុម័តច្បាប់រួច បញ្ជូនសេចក្តីព្រាងច្បាប់នោះទៅព្រឹទ្ធសភា ដើម្បីពិនិត្យបន្ត រួចព្រឹទ្ធសភាបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់មកក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ រួចបញ្ជូនទៅព្រះមហាក្សត្រដើម្បីឡាយព្រះហស្តលេខា។

 

ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនប្រតិភូម៉ាឡេស៊ី អំពីចំនួនមណ្ឌលបោះឆ្នោត និងអំពីចំនួនអាសនៈនៅតាមមណ្ឌលបោះឆ្នោតនៃព្រះរាជាណាចក្រកម្ពុជា។ មណ្ឌលបោះឆ្នោតណាដែលមានប្រជាពលរដ្ឋច្រើនជាងគេ មណ្ឌលនោះមានអាសនៈច្រើនដែរ ដូចជាមណ្ឌលបោះឆ្នោតនៅរាជធានីភ្នំពេញ​មាន ១២ អាសនៈ ហើយមណ្ឌលបោះឆ្នោតដែលមានប្រជាពលរដ្ឋតិចជាងគេ គឺមាន ១ អាសនៈ។  ចំណែករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នមានចំនួន ១២៥ អាសនៈ។ ការបោះឆ្នោតត្រូវធ្វើតាមប្រព័ន្ធសមាមាត្រតាមរាជធានី ខេត្ត ដោយ​យក រាជធានី ខេត្តជាមណ្ឌលបោះឆ្នោត។

 

ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនប្រតិភូម៉ាឡេស៊ី អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលត្រូវបានធ្វើឡើងចំនួន ៧លើក រួចមកហើយ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាបានប្រព្រឹត្តទៅចំនួន ៥លើក រួចមកហើយដែរ។  ឯកឧត្ដម បានបញ្ជាក់ជូនថា ​សមាជិកព្រឹទ្ធសភាមាន​ចំនួន ៦២រូប ក្នុង​នោះសមាជិក​ព្រឹទ្ធសភា​ចំនួន​ ២រូប ត្រូវ​បាន​តែង​តាំង​ដោយ​ព្រះ​មហា​ក្សត្រ និង ២រូប ត្រូវ​បានជ្រើសតាំង​ដោយ​រដ្ឋសភា។ ដោយ​ឡែក សមាជិក​ ៥៨រូបទៀត ត្រូវ​បាន​ជ្រើស​តាំង​ដោយការបោះឆ្នោតអសកល។ 

 

ជារួម ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនប្រតិភូម៉ាឡេស៊ី នូវគោលការណ៍សំខាន់ៗអំពីតួនាទីរបស់ស្ថាប័ននីតិបញ្ញត្តិ ដោយឯកឧត្តមបានបញ្ជាក់ថា នោះមិនមែនជាសមត្ថកិច្ច របស់ គ.ជ.ប ទេ ប៉ុន្តែប្រសិនបើភាគីម៉ាឡេស៊ីមានចម្ងល់អ្វីពាក់ព័ន្ធនឹងការបោះឆ្នោត នោះឯកឧត្តមនឹងត្រៀមឆ្លើយបំភ្លឺជូនជានិច្ច។ 

 

ឯកឧត្តម Shaharuddin Onn បានថ្លែងអំណរគុណដល់ឯកឧត្តមប្រធាន គ.ជ.ប ដែលបានផ្តល់ជូននូវខ្លឹមសារសំខាន់ៗ ពាក់ព័ន្ធនឹងស្ថាប័ននីតិបញ្ញត្តិនៅកម្ពុជា ជាមួយគ្នានេះ ឯកឧត្តមក៏បានចែករំលែកព័ត៌មានអំពីស្ថាប័ននីតិបញ្ញត្តិនៅប្រទេសម៉ាឡេស៊ីថា ប្រទេសម៉ាឡេស៊ីមានសភាពីរថ្នាក់ដូចនៅកម្ពុជាដែរគឺ រដ្ឋសភា និងព្រឹទ្ធសភា។ រដ្ឋសភារបស់ម៉ាឡេស៊ីមាន ២២២ អាសនៈ។ ចំណែកសមាជិកព្រឹទ្ធសភាមាន ៧០រូប ត្រូវបានតែងតាំង មិនមែនជ្រើសរើសដោយការបោះឆ្នោតទេ។  ម្យ៉ាងទៀតនៅប្រទេសម៉ាឡេស៊ីជារៀងរាល់ឆ្នាំ រដ្ឋសភាមានរៀបចំកម្មវិធីសម្រាប់យុវជនវ័យក្មេងដែលជាអ្នកបន្តវេន។ ភាគីម៉ាឡេស៊ីស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍គ្នាដូចជា ទស្សនកិច្ចសិក្សា ដើម្បីសិក្សាបន្ថែមទៀតអំពីការបោះឆ្នោតនៅកម្ពុជា។ 

 

ជាការឆ្លើយតប ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ស្វាគមន៍ជានិច្ចប្រសិនបើចង់បានព័ត៌មាន។ ជាពិសេស គ.ជ.ប តែងតែមានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ប្រសិនបើភាគីស្ថានទូតម៉ាឡេស៊ីចាប់អារម្មណ៍នោះ គ.ជ.ប នឹងអញ្ជើញមកចូលរួម។ 

 

មុននឹងបញ្ចប់កិច្ចសវនាការភាគីទាំងពីរបានថ្លែងអំណរគុណ និងជូនពរគ្នាទៅវិញទៅមក។ ជំនួបពិភាក្សាការងារបានប្រព្រឹត្តទៅអស់រយៈពេលជាងមួយម៉ោង ប្រកបដោយភាពស្និទ្ធស្នាល៕

ទាញយកកម្មវិធី(App) CamNEC News