នាព្រឹកថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើ សេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត សម្ភារ និងឯកសារពាក់ព័ន្ធ សម្រាប់បម្រើឱ្យការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួលខ្លឹមសារមួយចំនួន និងបានសម្រេចដូចខាងក្រោម៖
១.ឯកភាពលើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត ចំនួន ៧ មុខ បម្រើឱ្យការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ រួមមាន៖
សេចក្តីព្រាងលិខិតផ្ញើជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្តីពីសំណើសុំកិច្ចសហការ និងអនុញ្ញាតឱ្យ គ.ជ.ប ធ្វើប្រតិភូកម្មអំណាចដល់ក្រុមប្រឹក្សាសង្កាត់ឱ្យបំពេញតួនាទីជាតំណាង ក្នុងការចុះឈ្មោះបោះឆ្នោតជូនអ្នកបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាសង្កាត់នៅក្នុងមុខតំណែង។
សេចក្តីព្រាងសេចក្តីសម្រេចការធ្វើប្រតិភូកម្មអំណាចដល់ក្រុមប្រឹក្សាសង្កាត់ សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។ ក្រុមប្រឹក្សាសង្កាត់ដែល គ.ជ.ប ធ្វើប្រតិភូកម្មអំណាចនោះរួមមាន ក្រុមប្រឹក្សាសង្កាត់រាម សង្កាត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ នៃខេត្តព្រះសីហនុ។
- សេចក្តីព្រាងសេចក្តីណែនាំស្តីពី ការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោមនៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ និងឯកសារពាក់ព័ន្ធ។
- សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការផលិត និងការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត។
- សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការផ្តល់សុពលភាព និងការដាក់ឱ្យប្រើប្រាស់ បញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ)។
- សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការផលិត និងការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត សេចក្តីព្រាងប្រតិទិនចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត គំរូទម្រង់បណ្ណព័ត៌មានអ្នកបោះឆ្នោត និងឯកសារពាក់ព័ន្ធ។
- សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបញ្ចូលឈ្មោះ និងការលុបឈ្មោះអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) និងឯកសារពាក់ព័ន្ធ។
២. ឯកភាពលើសម្ភារ និងឯកសារពាក់ព័ន្ធ សម្រាប់បម្រើឱ្យការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ រួមមាន៖
- កំណត់យកពណ៌សន្លឹកឆ្នោត សម្រាប់ប្រើក្នុងការបោះឆ្នោតលើកទី១ (ការបោះឆ្នោត ឡើងវិញ)
- គំរូសន្លឹកឆ្នោត
- ទម្រង់បែបបទពាក់ព័ន្ធ ចំនួន ៦ ទម្រង់។
បន្ទាប់ពីបានសម្រេចលើឯកសារទាំងអស់ខាងលើរួចហើយ អង្គប្រជុំ គ.ជ.ប បានប្រកាសបិទបញ្ចប់ដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ៩:៤៧នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕