នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្ដម សោម សូរីដា សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ស្តីពីការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤។
ឯកឧត្ដម សោម សូរីដា បានរំលឹកឡើងអំពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ចំនួន ១.៦៥២ ក្នុងរយៈពេល ១៦ ថ្ងៃ កាលពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា កន្លងមកទៅនេះ បន្ទាប់មកមានការរៀបចំបញ្ជីបោះឆ្នោតដំបូង ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ទើបឈានដល់ គ.ជ.ប សម្រេចជាផ្លូវការលើបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៤ នេះ។
ឯកឧត្ដម សោម សូរីដា បានមានប្រសាសន៍ទៀតថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ
គ.ជ.ប បានសម្រេចផ្ដល់សុពលភាពជាផ្លូវការលើបញ្ជីបោះឆ្នោតឆ្នាំ២០២៤ ដែលមានទិន្នន័យ ដូចខាងក្រោម៖
ប្រជាពលរដ្ឋអាយុ ១៨ ឆ្នាំ សរុប ១១.២១៨.០៦៩ នាក់ ក្នុងនោះស្ត្រី ៥.៨៤៨.៧២៩ នាក់
ឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៣ មានចំនួន ៩.៨៧១.៤៩៥ នាក់ ក្នុងនោះមានស្ត្រី ៥.២៤០.០៧០ នាក់
ឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៤ មានសរុបចំនួន ៩.៩៩២.៤២១ នាក់ (ស្ត្រី ៥.៣០៤.៨៥៥ នាក់) ស្មើនឹង ៨៩,០៧% នៃប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង
ការិយាល័យបោះឆ្នោត មានចំនួន ២៤.១៩០ ការិយាល័យ បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានការកើនឡើងចំនួន ១៥៦ ការិយាល័យ។
ឯកឧត្ដម មានប្រសាសន៍បន្តថា ផ្អែកតាមបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គ.ជ.ប ត្រូវបោះពុម្ព និងចាត់បញ្ជូនបញ្ជីបោះឆ្នោតផ្លូវការទៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ១ ច្បាប់ និងសាលាឃុំ សង្កាត់ ១ ច្បាប់ ដើម្បីរក្សាទុកជាឯកសារផ្លូវការ ដែលបញ្ជីបោះឆ្នោតផ្លូវការនោះត្រូវមានទិន្នន័យដូចខាងក្រោម៖
១.ឈ្មោះ និងលេខកូដរាជធានី ខេត្ត
២.ឈ្មោះ និងលេខកូដឃុំ សង្កាត់ និងឈ្មោះភូមិ
៣.ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត
៤.កូនប្រអប់ និងលេខរៀងនៃឈ្មោះក្នុងបញ្ជីបោះឆ្នោត
៥.អត្តលេខអ្នកបោះឆ្នោត
៦.រូបថតអ្នកបោះឆ្នោត
៧.នាមត្រកូល និងនាមខ្លួន ដែលរៀបចំតាមលំដាប់អក្ខរក្រមខ្មែរ
៨.ភេទ
៩.ថ្ងៃ ខែ ឆ្នាំកំណើត
១០.លំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់នៃអ្នកបោះឆ្នោត។
ចំពោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ មានសិទ្ធិស្នើសុំពិនិត្យមើលឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតនេះបាននៅតាមសាលាឃុំ សង្កាត់ ឬ លធ.ខប ឬតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬតាមកម្មវិធីទូរសព្ទដៃ (App) NEC KH។
ឯកឧត្ដម មានប្រសាសន៍បន្តទៀតថា គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ មានសិទ្ធិស្នើសុំបញ្ជីបោះឆ្នោតផ្លូវការច្បាប់ថតចម្លងបានដោយបង់ថ្លៃ។ តម្លៃនេះត្រូវគិតត្រឹមតែតម្លៃផលិតប៉ុណ្ណោះ។ ម្យ៉ាងទៀតក៏អាចទទួលបាននូវព័ត៌មាន អេឡិចត្រូនិកតាមទម្រង់ PDF File ដែលបង្ហាញទិន្នន័យអំពីឈ្មោះ និងលេខកូដរាជធានី ខេត្ត ឃុំ សង្កាត់ ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត អត្តលេខ នាមត្រកូល និងនាមខ្លួន ភេទ និងថ្ងៃខែឆ្នាំកំណើត តាមតម្លៃផលិត។
ចំពោះបញ្ជីបោះឆ្នោតផ្លូវការដែលត្រូវបង្ហោះផ្សាយនៅលើគេហទំព័រ និងកម្មវិធីទូរសព្ទដៃរបស់ គ.ជ.ប គឺមានបង្ហាញតែឈ្មោះ និងលេខកូដរាជធានី ខេត្ត ឃុំ សង្កាត់ ឈ្មោះភូមិ ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត អត្តលេខ លេខ អ.ខ ឬ/និងលេខ ឯ.អ គឺបង្ហាញតែលេខ ៣ ខ្ទង់ចុងក្រោយ នាមត្រកូល និងនាមខ្លួន ភេទ និងថ្ងៃខែឆ្នាំកំណើតរបស់អ្នកបោះឆ្នោតតែប៉ុណ្ណោះ។
ជាចុងក្រោយ ឯកឧត្ដម សោម សូរីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្ដម លោកជំទាវ លោក លោកស្រី នាងកញ្ញា តំណាងស្ថានទូត ក្រសួង ស្ថាប័នរដ្ឋ គណបក្សនយោបាយ សមាគម អង្គការមិមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយនៅថ្ងៃនេះ។
ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងគណបក្សនយោបាយ ចំនួន ៩ គណបក្ស តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ១៣ ព្រមទាំងអ្នកសារព័ត៌មាន សរុបចំនួន ៤៦ នាក់៕