សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៥២ ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

នាព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជា​តិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភា​ព​​ដ៏ខ្ពង់​​ខ្ព​ស់រប​ស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើគោលការណ៍ប្តូរត្រា និងកំណត់ទំហំត្រាគ.ជ.ប ជាថ្មី កែសម្រួលសញ្ញាស័ក្តិខ្ទាស់លើគម្របហោប៉ៅអាវ  និងពិនិត្យ សម្រេចលើសេ​​​​ច​​​ក្តីព្រាង បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ (ប.ន.ព.ច)។

 

ក្នុងរបៀបវារៈទី១ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានធ្វើសេចក្តីរាយការណ៍ជូនអង្គប្រ​ជុំ គ.ជ.ប ថា ដោយសារកន្លងមកត្រា គ.ជ.ប ដែលបានប្រើប្រាស់លើ​ឯកសារផ្លូវការរបស់ គ.ជ.ប មានសភាពចាស់សឹករេចរឹល មិនសូវច្បាស់ល្អ។ ម្យ៉ាងទៀត ផ្អែកតាមឯកសារបទដ្ឋានគតិយុត្តស្តីពីនិមិត្តសញ្ញា ត្រា របស់បណ្តាក្រសួង ស្ថាប័នផ្សេងៗ គ.ជ.ប គួរធ្វើត្រាថ្មី ដោយមានអង្កត់ផ្ចិតទំហំត្រឹម ៤.៣ សង់ទីម៉ែត្រ។ 

 

ករណីមួយទៀតអំពីការប្តូរសញ្ញាស័ក្តិខ្ទាស់លើគម្របហោប៉ៅអាវ  ឯកឧត្តម ទេព នីថា បានមានប្រសា​សន៍ថា នៅក្នុងព្រះរាជក្រឹត្យស្តីពីនិមិត្តសញ្ញា ត្រា សញ្ញាស័ក្តិ និងឯកសណ្ឋាន សារាចរណែ​នាំស្តីពីការពាក់គ្រឿងឥស្សរិយយសរបស់រាជរដ្ឋាភិបាលបានកំណត់ថា រាល់សញ្ញាសំគាល់ស័ក្តិស​ញ្ញា សំគាល់របស់ ក្រសួង ស្ថាប័ន អង្គភាពនីមួយៗ ត្រូវពាក់នៅលើគម្របហោប៉ៅអាវខាងស្តាំមិនគ​ប្បី​ពាក់នៅគម្របហោប៉ៅអាវខាងឆ្វេងទេ ខាងឆ្វេងសម្រាប់បំពាក់គ្រឿងឥស្សរិយយសតែប៉ុណ្ណោះ។ ដូចនេះ ការប្តូរសញ្ញាស័ក្តិខ្ទាស់លើគម្របហោប៉ៅអាវខាងឆ្វេង មកខ្ទាស់លើគម្របហោប៉ៅអាវខាងស្តាំ បុរស នារី វិញ ចាំបាច់ត្រូវធ្វើ​ការកែសម្រួលបទបញ្ជាផ្ទៃក្នុង គ.ជ.ប និងព្រះរាជក្រឹត្យស្តីពីនិមិត្តសញ្ញា ត្រា សញ្ញាស័ក្តិ និងឯកសណ្ឋាន ប្រធាន អនុប្រធាន សមាជិក សមាជិកា អគ្គលេខាធិការ អគ្គលេខាធិការរង និងមន្រ្តីរាជការ គ.ជ.ប។ 

 

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យលើឯកសារ និងធ្វើការកែសម្រួលខ្លឹមសារមួយចំនួន បន្ទាប់មកបានសម្រេចដូចខាងក្រោម៖

 

១.ឯកភាពប្តូរទំហំត្រា គ.ជ.ប និងបន្ថែមលក្ខណៈលម្អិតបច្ចេកទេស នៃត្រា គ.ជ.ប មាន

ចែ​ងនៅក្នុងបទបញ្ជាផ្ទៃក្នុង គ.ជ.ប ដោយ៖

-កែសម្រួល ប្រការ ៥០ នៃបទបញ្ជាផ្ទៃក្នុង គ.ជ.ប និង

-កែសម្រួល មាត្រា៧ នៃព្រះរាជក្រឹត្យស្តីពីនិមិត្តសញ្ញា ត្រា សញ្ញាស័ក្តិ និងឯកសណ្ឋាន ប្រធាន អនុប្រធាន សមាជិក សមាជិកា អគ្គលេខាធិការ អគ្គលេ​ខាធិការរង និងមន្រ្តីរាជការ គ.ជ.ប។

 

២.ឯកភាពប្តូរសញ្ញាស័ក្តិខ្ទាស់លើគម្របហោប៉ៅអាវខាងឆ្វេង មកខ្ទាស់នៅលើគម្របហោប៉ៅអាវខាងស្តាំ​វិ​ញ ដូចមា​នចែងនៅក្នុងព្រះរាជក្រឹត្យស្តីពីនិមិត្តសញ្ញា ត្រា សញ្ញាស័ក្តិ និងឯកសណ្ឋានប្រធា​​​ន អនុប្រធាន សមាជិក សមាជិកា អគ្គលេខាធិការ អគ្គលេខាធិការរង និងមន្រ្តីរាជការ គ.ជ.ប ដោយសម្រេចកែសម្រួល មាត្រា១១ ព្រមទាំងប្តូរខ្លឹមសារ និងរូបភាពមួយចំនួន ក្នុងឧប​សម្ព័ន្ធចាប់ពីទី៨ ដល់ ទី១៣ នៃព្រះរាជក្រឹត្យ។

 

 ក្នុងរបៀបវារៈទី២ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានធ្វើសេចក្តីរាយការណ៍ជូនអង្គប្រ​ជុំ គ.ជ.ប ថា សេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោ​តប្រចាំឆ្នាំ (ប.ន.ព.ច) នេះ ត្រូវបានរៀបចំឡើងជាថ្មីក្នុងគោលបំណងជំនួស ប.ន.ព.ច ចាស់ ដែលបា​នដាក់ឱ្យប្រើដោយសេចក្តីសម្រេចលេខ ១៨៨ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ ៤៩០ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ស្តីពីការកែសម្រួ​ល​ចំណុច ៥​.១.៥ និងចំណុច ៥.១.១០.១ នៃប្រការ ៥.១ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។

 

ប.ន.ព.ច ដែលបានអនុវត្តអស់រយៈពេលបីឆ្នាំជាងកន្លងទៅនេះ មានចំណុចខ្វះខាតលើទម្រង់ ខ្លឹមសារ បច្ចេកសព្ទ ឬវាក្យសព្ទ និងអក្ខរាវិរុទ្ធដែលមានការវិវឌ្ឍថ្មីៗ ព្រមទាំងបទប្បញ្ញត្តិមួយចំនួននៃ ប.ន.ព.ច ហើយត្រូវបាន គ.ជ.ប សម្រេចជាគោលការណ៍ជំនួសបទប្បញ្ញត្តិចាស់ ដែលជាហេតុតម្រូវឱ្យរៀបចំតាក់តែងសេចក្តីព្រាង ប.ន.ព.ច ថ្មី ដោយយក ប.ន.ព.ច មកកែសម្រួល។ ការៀបចំ ប.ន.ព.ច ថ្មីនេះ ធ្វើឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀតទាំងទម្រង់ ទាំងខ្លឹមសារ ដើ​ម្បី​ឆ្លើយតបទៅនឹងបរិបទ និងការវិវឌ្ឍថ្មីៗតាមការសម្រេចចុងក្រោយរបស់ គ.ជ.ប លើបទបញ្ជា និ​ង​នីតិវិធីសម្រាប់ការបោះឆ្នោតនានា ព្រមទាំងគំរូទម្រង់ស្តង់ដានៃការតាក់តែងច្បាប់ និងលិខិតប​ទដ្ឋា​នគតិយុ​ត្ត​ដើម្បីធានាបាននូវសង្គតិភាព និងមានលក្ខណៈពេញលេញ។

 

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ឯកឧត្តមអគ្គលេខាធិការ គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង ប.ន.ព.ច ម្តងមួយជំពូកៗ និងបានធ្វើការកែសម្រួលលើប្រ​ការមួយចំនួននៅក្នុងជំពូកនីមួយៗ។ បន្ទាប់មក អង្គប្រជុំ គ.ជ.ប បានសម្រេចលើ ប.ន.ព.ច នោះមាន ៧ជំពូក និងមាន ៦៥ប្រការ និងមានឧបសម្ព័​ន្ធ៥ ដូចខាងក្រោម៖

 

-ជំពូកទី១          ស្តីពីបទប្បញ្ញត្តិទូទៅ មាន ៧ ប្រការ។

-ជំពូកទី២         ស្តីពីការគ្រប់គ្រងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ

                       បោះឆ្នោត មាន ១០ ប្រការ។

-ជំពូកទី៣        ស្តីពីការងារបណ្តុះបណ្តាល អប់រំអ្នកបោះឆ្នោត ព័ត៌មាន និង

                      ទំនាក់ទំនងសាធារណៈ មាន ២ ប្រការ។

-ជំពូកទី៤        ស្តីពីការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យ

                      បោះឆ្នោត មាន ៦ ប្រការ។

-ជំពូកទី៥        ស្តីពីភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍

                      បោះឆ្នោត និងអ្នកសារព័ត៌មាន មាន ៣ ប្រការ។

-ជំពូកទី៦        ស្តីពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត 

                      មាន ១៨ ប្រការ។

-ជំពូកទី៧        ស្តីពីការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង 

                      មាន ១៩ ប្រការ។

-ឧបសម្ព័ន្ធ        មាន ៥ ឧបសម្ព័ន្ធ។

 ជាចុងក្រោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់អគ្គលេខាធិការដ្ឋាន គ.ជ.ប ត្រូវពិនិត្យឯកសារឱ្យបានហ្មត់ចត់ ជាពិសេសអក្ខរាវិរុទ្ធ មុននឹងបញ្ជូនសេចក្តីព្រាងបទបញ្ជា និ​ងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំនេះ ទៅឱ្យភាគីពាក់ព័ន្ធពិនិត្យ និ​ង​ផ្តល់អនុសាសន៍។    

 

 អង្គប្រជុំ គ.ជ.ប ត្រូវបានប្រកាសបិ​​ទបញ្ចប់ដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ១២: ០៤ នាទីរសៀល នាថ្ងៃខែឆ្នាំដដែល​៕

ទាញយកកម្មវិធី(App) CamNEC News