សេចក្តីប្រកាសព័ត៌មានលេខ ១៣៥ គ.ជ.ប.អគ្គ៖ ស្តីពីកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ

កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ (ប.ន.ព.ច) ដែលប្រព្រឹត្តទៅរយៈពេលពេញមួយព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤  នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)  ត្រូវបានបិទបញ្ច​ប់​ក្រោមអធិបតីភាពឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប។

 

ឯកឧត្ដម ទេព នីថា បានមានប្រសាសន៍ថា កិច្ចប្រជុំពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរយោបល់ជាមួយភាគីពាក់ព័ន្ធដែលបានផ្ញើយោបល់លើសេចក្តីព្រាង ប.ន.ព.ច ត្រឡប់មក គ.ជ.ប វិញ និងប្រមូលយោបល់បន្ថែមទៀត ដើម្បីកែលម្អបទបញ្ជា និងនីតិវិធីនេះឱ្យកាន់តែមានលក្ខណៈពេញលេញ ងាយយល់ និងងាយអនុវត្ត ឆ្លើយតបទៅនឹងបរិបទ និងការវិវឌ្ឍថ្មីៗ ព្រមទាំងមានអនុលោមភាពតាមច្បាប់ជាធរមាន មុននឹងដាក់ជូន គ.ជ.ប ពិនិត្យ សម្រេចអនុម័តឱ្យប្រើជាផ្លូវការនាឆ្នាំ២០២៥ ខាងមុខ។

 

ឯកឧត្ដមបានបន្តថា ការរៀបចំ ប.ន.ព.ច ថ្មីនេះ មានគោលបំណងធ្វើឱ្យកាន់តែមានភាពប្រ​​​សើរឡើ​ង​ថែមទៀតទាំងទម្រង់ ទាំងខ្លឹមសារ ដើម្បីឆ្លើយតបទៅនឹងបរិបទ និងការវិវឌ្ឍនៃស្ថានភាពសង្គម សេដ្ឋកិច្ច ព្រមទាំងគំរូទម្រង់ស្តង់ដា នៃការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីធានាបាននូវសង្គតិភាព និងមានលក្ខណៈពេញលេញ។ ទន្ទឹមនឹងនេះ បញ្ជីបោះឆ្នោតបច្ចុប្បន្នដែលត្រូវបានរៀបចំតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតាំងពីឆ្នាំ២០១៦ បើគិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នឹងមានអាយុកាល ១០ (ដប់) ឆ្នាំ ហើយ។ ក្នុងចន្លោះពេលនេះ ភិនភា​គពិតរបស់អ្នកបោះឆ្នោតម្នាក់ៗក៏បានប្រែប្រួល ដែលនាំឱ្យខុសពីទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោតផងដែរ។ ហេតុនេះ គ.ជ.ប ចាំបាច់ត្រូវបន្ថែមការធ្វើបច្ចុប្បន្នភាពទិន្ន​ន័​យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) របស់អ្នកបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោតហើយយ៉ាងតិច ១០ (ដប់) ឆ្នាំ ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតប្រចាំឆ្នាំ។

 

កិច្ចប្រជុំពិគ្រោះយោបល់រយៈពេលពេញមួយព្រឹកនេះ មានការពិភាក្សា ការលើកជាសំណួរ និងការបកស្រាយពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប និងភាគីពាក់ព័ន្ធយ៉ាងផុលផុស។

 

បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប បានគូសបញ្ជាក់ថា បើទោះបីជារាល់មតិយោបល់ដែលភាគីពាក់ព័ន្ធបានលើកឡើង ត្រូវបានគណៈកម្មការសម្របសម្រួលធ្វើការបំភ្លឺ ពន្យល់ ឬ/និងបកស្រាយជូនក្នុងកម្រិតសមត្ថកិច្ចរបស់ខ្លួនរួចហើយ​យ៉ាងណាក្ដី អគ្គលេខាធិការដ្ឋាន គ.ជ.ប នឹងធ្វើការបូកសរុបរាល់មតិយោបល់ទាំងយោបល់ជាលាយ​ល​ក្ខ​ណ៍អក្សរ ទាំងយោបល់ដែលបានលើកឡើងបន្ថែមនាកិច្ចប្រជុំព្រឹកនេះ ដើម្បីដាក់ជូន គ.ជ.ប ពិនិត្យ និ​ង​សម្រេចចុងក្រោយក្នុងពេលដ៏ឆាប់ខាងមុខ។

 

សូមជម្រាបជូនថា កិច្ចប្រជុំពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពីមន្រ្តី គ.ជ.ប និងតំណាងភាគីពាក់ព័ន្ធនឹងការបោះឆ្នោត រួមមាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហ​ត្ថលើផ្ទៃប្រទេស ក្រសួងព័ត៌មាន ក្រសួងយុត្តិធម៌ គណបក្សនយោបាយ ចំនួន ៩ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ១៧ និងអ្នកសារព័ត៌មាន ដែលមានអ្នកចូលរួមសរុបប្រមាណ ៨៤ នាក់៕

ទាញយកកម្មវិធី(App) CamNEC News