សេចក្តីប្រកាសព័ត៌មានលេខ​ ០០១​ គ.ជ.ប.អគ្គ៖ គ.ជ.ប ធ្វើការបណ្ដុះបណ្ដាលដល់មន្ត្រីបោះឆ្នោតស្ដីពី “ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងការប្រើប្រាស់កម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត”

វគ្គបណ្ដុះបណ្ដាលស្ដីពី “ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងការប្រើប្រាស់កម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត” សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានបិទបញ្ច​ប់​ក្រោមអធិបតីភាពឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប។

 

គ.ជ.ប រៀបចំវគ្គបណ្តុះបណ្តាលនេះឡើង គឺមានគោលបំណងរំលឹកបន្ថែមដល់មន្ត្រីលេខាធិការដ្ឋានរាជធានី​ ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) អំពីគោលការណ៍សំខាន់ៗនៃការស្រង់ស្ថិតិប្រជាពលរដ្ឋ ការបំពេញទិន្នន័យក្នុងតារាង ការប្រើប្រាស់កម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត ព្រមទាំងប្រតិទិនការងារ ដើម្បីជាមូលដ្ឋានក្នុងការអនុវត្ត និងបន្តផ្សព្វផ្សាយ សម្របសម្រួល ព្រមទាំងណែនាំដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងមេភូមិ ដែលជាប្រតិបត្តិករអនុវត្តជាក់ស្ដែងនៅតាមភូមិ ឃុំ សង្កាត់។

 

ថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ឯកឧត្ដម ទេព នីថា​ បានមានប្រសាសន៍ថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជាធរមាន ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គឺជាដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្រ្តៃយ៍ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ ប្រកបដោយភាពពេញលេញ ភាពត្រឹមត្រូវនិងបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោតម្នាក់ៗ សម្រាប់បម្រើឱ្យការបោះឆ្នោតជាសកលតាមច្បាប់ជាធរមាន។

 

ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប បានបន្ថែមថា ដើម្បីធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ប្រព្រឹត្តទៅទទួលបានលទ្ធផលល្អប្រសើរ ក្នុងដំណាក់កាលរៀបចំត្រៀម គ.ជ.ប ត្រូវរៀបចំស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងកំណត់ចំនួន ព្រមទាំងទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត ឱ្យបានកាន់តែសុក្រឹត ដើម្បីធ្វើផែនការចុះឈ្មោះបោះឆ្នោត តម្រូវការធនធានមនុស្ស សម្ភារ បរិក្ខារ និងឯកសារផ្សេងៗប្រកបដោយប្រសិទ្ធភាព និងភាពសន្សំសំចៃ។

 

ឯកឧត្ដម ទេព នីថា​ បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៤ គ.ជ.ប បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីជាជំនួយដល់ លធ.ខប និងអង្គភាពពាក់ព័ន្ធចំណុះឱ្យអគ្គលេខាធិការដ្ឋាន គ.ជ.ប ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាពក្នុងក្របខណ្ឌបច្ចេកទេស ព្រមទាំងកាត់បន្ថយបាននូវបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការផ្ទៀងផ្ទាត់ និងបូកសរុបស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានតាមឃុំ សង្កាត់ សម្រាប់ការងាររៀបចំត្រៀមបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។

 

សូមជម្រាបជូនថា សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ រួមមានប្រធាន លធ.ខប សមាជិក លធ.ខប ដែលជាប្រធានផ្នែកប្រតិបត្តិការ មន្រ្តីបច្ចេកទេសនៃ លធ.ខប និងមន្រ្តីនៅទីស្ដីការ គ.ជ.ប សរុបចំនួន ១១០ នាក់

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore