សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០០២ ស្តីពីការចាប់ផ្តើមដំណើរការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្ដម សោម សូរីដា សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីប្រកាសផ្សាយអំពី ការចាប់ផ្តើមដំណើរការឃោសនាបោះឆ្នោត ការដាក់ ការទទួល និង​កា​​រ​ដោះស្រា​យពាក្យ​បណ្តឹងក្នុងដំណើរកា​រឃោសនាបោះឆ្នោ​តជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។

 

ឯកឧត្ដម សោម សូរីដា បានមានប្រសាសន៍ថា ការឃោ​ស​នាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើស​ក្រុមប្រឹក្សា​ក្រុងកំពង់សោម នៃ ខេត្តព្រះសីហនុ មានរយៈពេល ៨ (ប្រាំបី) ថ្ងៃ គឺត្រូវចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមករា    ឆ្នាំ២០២៥។ គ្រប់សកម្មភាពឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ ត្រូវចាប់ផ្តើមពីម៉ោង ៦:០០ ព្រឹ​ក ដល់ម៉ោង ១០:០០ យប់ និងត្រូវឈប់ សម្រាកនៅចន្លោះ ពីម៉ោង ១០:០០ យប់ ដល់​ម៉ោ​ង ៦:០០ ព្រឹក។ សកម្មភាពឃោសនាបោះឆ្នោត ដោយឧបករណ៍បំពងសំឡេងត្រូវហាមឃា​ត់ជាទូទៅ​ចា​​ប់​ពីម៉ោង ១២:០០ ថ្ងៃត្រង់ ដល់ម៉ោង ២:០០ រសៀល។ គ្រប់សកម្មភាពឃោសនា​បោះឆ្នោត ​របស់គណបក្សនយោបាយ ​ត្រូវបញ្ឈប់ក្នុងរយៈពេល ២៤ (ម្ភៃបួ​ន​) ម៉ោង មុនថ្ងៃបោះឆ្នោត និងក្នុងថ្ងៃបោះឆ្នោត។

 

ឯកឧត្ដម សោម សូរីដា បានមានប្រសាសន៍បន្តទៀតថា ការឃោសនាបោះឆ្នោតមានទិសដៅ ឱ្យគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយរបស់ខ្លួន​ជូនអ្នក​បោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងមុខតំណែង ​ក្នុងមណ្ឌលក្រុងកំព​ង់​សោម នៃខេត្តព្រះសីហនុ។ 

 

អំពីសកម្មភាពហែក្បួនឃោសនាបោះឆ្នោត ឯកឧត្តម សោម សូរីដា បានបញ្ជាក់ជូនថា ទម្រង់ និងទំហំនៃការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះ គ្រប់ប្រភេទត្រូវបានកំណត់ក្នុងបទបញ្ជា និងនីតិវិធី។ ឯកឧត្តម បន្តថា គណបក្សនយោបាយដែលមានបំណងហែក្បួនឃោសនាបោះឆ្នោត ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ យ៉ាងតិចឱ្យបាន ៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត។ គណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម អាចហែក្បួនព្យុហយាត្រា នៅក្នុងមណ្ឌលក្រុងរបស់ខ្លួនបានយ៉ាងច្រើន ២ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។ ការហែក្បួនព្យុហយាត្រា ត្រូវបានអនុញ្ញាតឱ្យធ្វើក្នុងក្របខណ្ឌសង្កាត់ទាំង ៥ នៃក្រុងកំពង់សោម រួមមាន សង្កាត់រាម សង្កា​ត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់បឹងតាព្រហ្ម​ និងសង្កាត់អូរជ្រៅ។

 

                ពាក់ព័ន្ធនឹងភារកិច្ចរបស់គណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រ ឯកឧត្តម សោម សូរីដា   បានមានប្រសាសន៍ថា ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោត គណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រទាំងអស់ ត្រូវគោរពវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ គោរពបទបញ្ជា និងនីតិវិធី និងក្រមសីលធម៌ ដែលក្នុងនោះត្រូវគោរពគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូច​មា​នចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់អាកប្បកិរិយាថ្លៃថ្នូរ មិនត្រូវបង្គាប់បញ្ជាឱ្យអ្នកគាំទ្រ​របស់​ខ្លួនទៅហែក ឬបំផ្លាញចោល សម្ភារ ឯកសារឃោស​នារបស់គណបក្សនយោបាយ ឬ/និងបេក្ខជន​ដទៃ។ មិនត្រូវប្រព្រឹត្តអំពើគំរាមកំហែង ឬបំភិតបំភ័យ ឬអំពើហិង្សា ទៅលើបេក្ខជន ឬ​គ​​ណ​បក្ស​នយោបាយដទៃ មិនត្រូវញុះញង់អ្នកគាំទ្រឱ្យប្រព្រឹត្តអំពើរំលោភ គំរាមកំហែង អំពើហិង្សា ឬបំភិតបំភ័យ ទៅលើបុគ្គល ឬគណបក្សនយោបាយដទៃ មិនត្រូវនិយាយដោយផ្ទាល់មាត់ ឬដោយប្រយោល ឬសរសេរជាលាយលក្ខណ៍អក្សរ ក្នុងន័យអសីលធម៌ ប្រមាថ មាក់ងាយទៅលើបេក្ខជន អ្នកគាំទ្រ ឬលើបុគ្គលណា​ម្នា​​ក់ឡើយ។ល។

 

អំពីការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត ឯកឧត្ដម សោម សូរីដា បានមានប្រសាសន៍ថា ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោត ជនណាក៏ដោយ ឬតំណាងមានសិទ្ធិ​ដាក់ពា​ក្យ​ប​ណ្តឹងចំពោះជន ឬគណបក្សនយោបាយដែលបានប្រព្រឹត្តអំពើរំលោភច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ទៅសមត្ថកិច្ចដោះស្រាយពាក្យបណ្តឹងតាម​ឋានានុក្រ​ម រួមមាន គ.ខ.ប ព្រះសីហនុ និង គ.ជ.ប។

 

ចំពោះការដោះស្រាយពាក្យបណ្តឹង ឯកឧត្ដម សោម សូរីដា បានមានប្រសាសន៍ថា 
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ និង គ.ជ.ប មានសិទ្ធិអំណាច និងភារកិច្ចសម្រេចលើវិវាទដែល​ពាក់ព័ន្ធនឹងដំណើរការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាក្រុងកំពង់សោម។ គ.ខ.ប ព្រះសីហនុ មានសិទ្ធិបើកការប្រជុំផ្សះផ្សា ឬបើកសវនាការ លើពាក្យ​បណ្តឹង​ត​វ៉ា ឬពា​ក្យបណ្តឹងជំទាស់។ គ.ជ.ប មានសិទ្ធិពិនិត្យសម្រេច ឬបើកសវនាការលើពាក្យបណ្តឹងតវ៉ា ឬ/និងពាក្យបណ្តឹង ជំទាស់ទាក់ទងនឹងការឃោសនាបោះឆ្នោត លើកលែងតែពាក្យបណ្តឹងដែលទាក់​ទងនឹងសម​ត្ថ​កិ​ច្ច​រ​បស់តុលាការ។ គ.ជ.ប ដោះស្រាយពាក្យបណ្តឹងនេះ​ក្នុង          រយៈ​ពេ​ល​សមស្របជាបន្ទាន់ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្តឹង។ 

 

 ជាចុងក្រោយ ឯកឧត្ដម សោម សូរីដា បានអំពា​វនាវចំ​ពោះ​គ​ណៈក​ម្មការរៀបចំ​ការ     បោះឆ្នោតពា​ក់ព័ន្ធ​គ្រ​ប់​​លំដាប់ថ្នាក់ រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត​គ​ណៈបញ្ជា​ការឯ​កភាព អាជ្ញាធរដែនដីពាក់ព័ន្ធ​គ្រ​ប់​លំដាប់​ថ្នាក់ គណបក្សនយោបា​យដែ​លមាន​បញ្ជីបេ​ក្ខជនឈរឈ្មោះបោះឆ្នោត 
អង្គ​ការ​មិន​​​មែនរដ្ឋាភិបាលជាតិ អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សា​យ​ព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ ចូ​ល​រួ​ម​គោ​រពច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងគោ​លការណ៍ណែនាំផ្សេងៗទៀតរបស់ គ.ជ.ប ដើម្បីធានាឱ្យដំណើរការឃោសនាបោះ​ឆ្នោតខាងមុខនេះ​ប្រព្រឹត្ត​ទៅ​ដោ​យ​រលូន មាន​ស​ន្តិ​សុ​ខ សុវត្ថិភាព គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។ គណបក្សនយោបាយ និងបេក្ខ​ជ​ន​ត្រូ​វ​មា​ន​ភាពចា​ស់ទុំខាងនយោបាយក្នុងការធ្វើសកម្មភាពឃោសនា។ 

 

ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កងរាជអាវុធហ​ត្ថលើផ្ទៃ-ប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងគណប​ក្សនយោបាយ​ ចំនួន ១៧ គណបក្ស តំណាង​សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ២០ តំណាងស្ថានទូតរុស្ស៊ី ចំនួន ១ រូប ព្រមទាំងអ្នកសារព័ត៌មាន សរុបចំនួន ៧៩ នាក់៕ 

ទាញយកកម្មវិធី(App) CamNEC News