ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ជាថ្ងៃទីមួយ នៃយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។
ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ គឺគណបក្សប្រជាជនកម្ពុជាបានធ្វើសកម្មភាពជួបប្រជុំជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត អ្នកបោះឆ្នោត និងសមាជិកគណបក្ស នៅខាងក្រោយសាលាឃុំបិតត្រាំង និងមានការហែក្បួនឃោសនា ដែលមានអ្នកចូលរួមចំនួន ៦៣០ នាក់ រថយន្តចំនួន ២៥ គ្រឿង ម៉ូតូចំនួន ២០០ គ្រឿង និងឧគ្ឃោសនសព្ទចំនួន ៥ គ្រឿង។
ដោយឡែក គណបក្សនយោបាយ ៣ ទៀត រួមមាន គណបក្ស ឆន្ទៈខ្មែរ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស កម្លាំងជាតិ ពុំមានធ្វើសកម្មភាពឃោសនាបោះឆ្នោតឡើយ។
ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតក្នុងថ្ងៃទីមួយនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ នេះ មានរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥៕