ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ គឺជាថ្ងៃទីប្រាំមួយ នៃយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។
ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ នៅថ្ងៃនេះ មានតែគណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត តាមរយៈការចាក់មេក្រូផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្ស នៅតាមទីស្នាក់ការគណបក្សក្នុងឃុំទាំង ៥ នៃក្រុងកំពង់សោម ព្រមទាំងបានបង្រៀនគូសសន្លឹកឆ្នោតដល់អ្នកបោះឆ្នោត។ ដោយឡែក គណបក្សនយោបាយ ៣ ផ្សេងទៀត រួមមាន គណបក្ស ឆន្ទៈខ្មែរ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស កម្លាំងជាតិ ពុំមានធ្វើសកម្មភាពឃោសនាបោះឆ្នោតឡើយ។
ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតក្នុងថ្ងៃទីប្រាំមួយនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតឡើងវិញ ឆ្នាំ២០២៥ មានរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ ខែមករា ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥៕