យោងតាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នេះ មានតែគណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត តាមរយៈការចាក់មេក្រូផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្ស នៅតាមទីស្នាក់ការគណបក្សក្នុងឃុំទាំង ៥ នៃក្រុងកំពង់សោម។ ដោយឡែក គណបក្សនយោបាយ ៣ ផ្សេងទៀត រួមមាន គណបក្ស ឆន្ទៈខ្មែរ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស កម្លាំងជាតិ ពុំមានធ្វើសកម្មភាពឃោសនាបោះឆ្នោតឡើយ។
ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតក្នុងថ្ងៃទីប្រាំពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតឡើងវិញ ឆ្នាំ២០២៥ មានរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ ខែមករា ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥៕