ថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ ជាថ្ងៃបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដែលទើបត្រូវបានបង្កើតថ្មី។
ការិយាល័យបោះឆ្នោតលេខ ០០០៦ ដែលមានទីតាំងនៅសាលាបឋមសិក្សាស្មាច់ដែង ក្នុងឃុំរាម នៃក្រុងកំពង់សោម ខេត្តព្រះសីហនុ បានបើកដំណើរការជាប្រក្រតីនៅវេលាម៉ោង ៧:០០ ព្រឹក សម្រាប់ឱ្យអ្នកបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំក្នុងមុខតំណែងនៃឃុំទាំងប្រាំ ចំណុះឱ្យក្រុងកំពង់សោម ធ្វើការបោះឆ្នោតតាមការកំណត់នៃច្បាប់។
ការិយាល័យបោះឆ្នោតត្រូវបានបិទបញ្ចប់ការបោះឆ្នោត នៅវេលាម៉ោង ៨:០៦ នាទីព្រឹក ដោយសារអ្នកបោះឆ្នោតបានមកបោះឆ្នោតគ្រប់ចំនួន ហើយគណៈកម្មការការិយាល័យបោះឆ្នោត បានបន្តនីតិវិធី ដើម្បីរាប់សន្លឹកឆ្នោតស្របតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត។
ជារួម ដំណើរការទូទៅនៃការបោះឆ្នោតឡើងវិញនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង៕