សេចក្តីប្រកាសព័ត៌មានលេខ០១៥ គ.ជ.ប.អគ្គ៖ ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវនូវលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ បញ្ជាក់ភាពត្រឹមត្រូវនូវលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការ គ.ជ.ប ដោយមានការចូលរួមសង្កេតមើលពីតំណាងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអ្នកសង្កេតការណ៍បោះឆ្នោត។


ក្រុមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបានអនុវត្តការងារត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតយ៉ាងល្អិតល្អន់ ស្របតាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ផែនការមេ និងប្រតិទិនការងាររបស់ គ.ជ.ប។


ជាលទ្ធផល ក្រុមត្រួតពិនិត្យ មិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគាំទ្រគណបក្សនយោបាយនីមួយៗ ដែលគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ បានបញ្ជាក់ក្នុងតារាងត្រួតពិនិត្យបញ្ជាក់លទ្ធផលបណ្ដោះ-អាសន្ននៃការបោះឆ្នោតឡើយ។


យោងតាមប្រតិទិននៃការបោះឆ្នោត គ.ជ.ប នឹងធ្វើការផ្សព្វផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥៕
 

ទាញយកកម្មវិធី(App) CamNEC News