មានជនខិលខូចបានបង្កើតគណនី Facebook អនាមិកឈ្មោះ “លោកចោរ ស្របច្បាប់” ហើយបានផ្សព្វផ្សាយលើបណ្តាញសង្គមតាំងពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ និងបានកំពុងបន្តចែកចាយដោយគណនីនោះលួចដាក់រូបថត ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលជាទង្វើអសីលធម៌ និងមិនអាចទទួលយកបាន ក្នុងចេតនាទុច្ចរិត មាក់ងាយ ស្ថាប័នជាតិ និងចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គ.ជ.ប សូមច្រានចោលទាំងស្រុង និងសូមថ្កោលទោស យ៉ាងដាច់អហង្ការ។
សូមបញ្ជាក់ជូនថាគណនី Facebook ផ្លូវការ និងតែមួយគត់ហើយកំពុងដំណើរការសព្វថ្ងៃ របស់ឯកឧត្តមប្រធានស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានឈ្មោះថា “ឯកឧត្តម ប្រាជ្ញ ចន្ទ”។
ទាក់ទងនឹងទង្វើខុសច្បាប់បែបនេះ គ.ជ.ប បាននិងកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការស្វែងរកជនអគតិបំពុលសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
គ.ជ.ប សូមអំពាវនាវជាឱឡារិកដល់សាធារណជន សូមបញ្ឈប់ជាបន្ទាន់នូវការចែកចាយគណនីក្លែងក្លាយខាងលើនេះ និងសូមធ្វើការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ចៀសវាងការបំភ្លៃ ការបំផ្លើស ការបរិហារកេរ្តិ៍ ប្រាសចាកពីការពិត។
គ.ជ.ប បច្ចុប្បន្នមានសមាជិក ៩រូប ដឹកនាំដោយឯកឧត្តម ប្រាជ្ញ ចន្ទ ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត គាំទ្រ ជាឯកច្ឆន្ទ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ស្របតាមមាត្រា ១៥១ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា៕