សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យលេខ គ.ជ.ប ០០៥ គ.ជ.ប ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារ និងទម្រង់បែបបទ មួយចំនួនពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ព្រមទាំងពិនិត្យលើរបាយការណ៍ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។


បន្ទាប់ពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ពាក់ព័ន្ធនឹងឯកសារដែលមានក្នុងរបៀបវារៈ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើឯកសារយ៉ាងល្អិតល្អន់តាមរបៀបវារៈម្តងមួយៗ និងបានកែសម្រួលពាក្យពេចន៍ព្រមទាំងថែមខ្លឹមសារមួយចំនួន រួចហើយបានសម្រេចដូចខាងក្រោម៖ 


១.របៀបវារៈទី១៖ ឯកភាពលើខ្លឹមសារបដាចំនួន ២ ប្រភេទ សម្រាប់ផ្សព្វផ្សាយនៅ
ទីសាធារណៈ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។


២.របៀបវារៈទី២៖ បានកែសម្រួល និងឯកភាពលើឯកសារ រួមមាន៖
-សេចក្តីជូនដំណឹងស្តីពី ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្ស នយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោតសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។
-ទម្រង់បែបបទលេខ ១០០៧ (ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ)។
-គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ។
-គំរូបណ្ណសម្គាល់ (ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោតជាតិ អ្នកសង្កេតការណ៍បោះឆ្នោតជាតិចល័ត អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ និង ភ្ញៀវពិសេស)។


៣.របៀបវារៈទី៣៖    ឯកភាពលើឯកសារពាក់ព័ន្ធ សម្រាប់ការប្រឡងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លីក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥  រួមមាន៖  
-សេចក្ដីជូនដំណឹងស្ដីពី ការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លីសរុបចំនួន ៥៥៥ រូប សម្រាប់បម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតចំនួន ២៥  ដែលមានមុខតំណែង ដូចខាងក្រោម ៖
•គ្រូបង្ហាត់    
•ជំនួយការរដ្ឋបាល    
•ជំនួយការគណនេយ្យ     
•ជំនួយការប្រតិបត្តិការ    
•ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម    
•លេខាធិការ    
•ការីកុំព្យូទ័រ    
•អ្នកបើកបររថយន្ត    
-សេចក្ដីណែនាំ ស្ដីពីនីតិវិធីនៃការប្រឡងសរសេរ-QCM ប្រឡង QCM ក្នុងប្រព័ន្ធកុំព្យូទ័រ ធ្វើតេស្ដកុំព្យូទ័រ និងសម្ភាសន៍ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត។
-លិខិតជម្រាបជូន លោក លោកស្រីប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតណែនាំឱ្យបិទផ្សាយសេចក្តីជូនដំណឹង និងការចែកពាក្យ ទទួលពាក្យ ដើម្បីប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី។
-សេចក្ដីសម្រេចចំនួន ៥(ប្រាំ) ពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីឱ្យបម្រើការងារតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត។
-បទបញ្ជាផ្ទៃក្នុង សម្រាប់ការប្រឡងសរសេរ-QCM ប្រឡង QCM ក្នុងប្រព័ន្ធកុំព្យូទ័រ  ធ្វើតេស្ដកុំព្យូទ័រ និងសម្ភាសន៍ជ្រើសរើសមន្ត្រីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត។
-ប្រតិទិននៃការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី នៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។


៤.របៀបវារៈទី៤៖ កែសម្រួល និងឯកភាពលើរបាយការណ៍ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដែលមានចំនួន ២៣ ទំព័រ  និងឧបសម្ព័ន្ធចំនួន ១០។


៥.របៀបវារៈផ្សេងៗ៖ អង្គប្រជុំ គ.ជ.ប បានចែករំលែកបទពិសោធគ្នាទៅវិញទៅមកអំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដោយសង្កេតឃើញថា នៅតាមភូមិសាស្រ្តផ្សេងៗគ្នា ការជ្រើសរើសមន្រ្តីបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានការបត់បែនខ្លះៗទៅតាមស្ថានភាពជាក់ស្តែង។

អង្គប្រជុំ គ.ជ.ប ត្រូវបានប្រកាសបិទបញ្ចប់ដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ១១:៤៨នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕

ទាញយកកម្មវិធី(App) CamNEC News