សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០០៦ គ.ជ.ប ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥

នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារ និងទម្រង់បែបបទមួយចំនួនសម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។


បន្ទាប់ពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ពាក់ព័ន្ធនឹងឯកសារដែលមានក្នុងរបៀបវារៈ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើឯកសារយ៉ាងល្អិតល្អន់តាមរបៀបវារៈម្តងមួយៗ និងបានកែសម្រួលពាក្យពេចន៍មួយចំនួន ហើយបានអនុម័តដូចខាងក្រោម៖ 
 

១.របៀបវារៈទី១៖ អនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។

 

២.របៀបវារៈទី២៖ អនុម័តលើឯកសារបោះពុម្ពផ្សាយ ចំនួន ៤មុខ សម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ រួមមាន៖

-ទម្រង់ព្រឹត្តិបត្រព័ត៌មាន គ.ជ.ប ។
-សេចក្តីជូនដំណឹងស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត 
ឆ្នាំ២០២៥។

-ខិត្តបណ្ណស្តីពីឯកសារសម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត 
ឆ្នាំ២០២៥។
-សឺមីសម្រាប់ដាក់ឯកសារព័ត៌មាន (Press Kits)។

 

៣.របៀបវារៈទី៣៖ អនុម័តលើឯកសារ រួមមាន៖
-សេចក្តីជូនដំណឹងស្តីពី ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសារ-ព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។
-ទម្រង់ពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មាន។
-ទម្រង់ប្រវត្តិរូបសង្ខេបជាភាសាខ្មែរ និងភាសាអង់គ្លេស។
-បណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។

 

៤.របៀបវារៈទី៤៖ អនុម័តលើសេចក្តីព្រាងសៀវភៅណែនាំស្តីពី នីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់អង្គភាពជំនាញ ត្រូវពិនិត្យឱ្យបានហ្មត់ចត់បន្ថែមទៀតលើសៀវភៅនោះមុននឹងធ្វើការបោះពុម្ព។

 

៥.របៀបវារៈផ្សេងៗ៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សាអំពីការបញ្ចេញសំឡេង ពាក្យ “ជីវមាត្រ” ថា តើគួរប្រើសំឡេងអានដូចម្តេច?

អង្គប្រជុំ គ.ជ.ប បានប្រកាសបិទបញ្ចប់ដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ១០:៤៧ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕
 

ទាញយកកម្មវិធី(App) CamNEC News