គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា ដើម្បីយកព័ត៌មានអំពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ-បោះឆ្នោត ឆ្នាំ២០២៥ អ្នកសារព័ត៌មានទាំងអស់ត្រូវមានបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានដែលចេញដោយ គ.ជ.ប។
ដើម្បីទទួលបានបណ្ណសម្គាល់ខ្លួន អ្នកសារព័ត៌មានត្រូវដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានដោយផ្ទាល់នៅ គ.ជ.ប។
ការដាក់ពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលមានការិយាល័យអចិន្រ្តៃយ៍នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ត្រូវភ្ជាប់មកជាមួយនូវ៖
-ច្បាប់ចម្លងប្រកាសអនុញ្ញាតដោយក្រសួងព័ត៌មានដែលមានសុពលភាព
-ច្បាប់ចម្លងបណ្ណសារព័ត៌មានដែលចេញដោយក្រសួងព័ត៌មាន ឬសមាគមសាមី ឬអង្គភាពសាមី ដែលមានសុពលភាព និងទទួលស្គាល់ដោយក្រសួងព័ត៌មាន
-ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើបណ្ណសម្គាល់ខ្លួន
-ច្បាប់ចម្លងលិខិតឆ្លងដែន (សម្រាប់ជនបរទេស)។
ការដាក់ពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានអន្តរជាតិដែលពុំមានការិយាល័យអចិន្រ្តៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា អាចដាក់ពាក្យដោយផ្ទាល់នៅ គ.ជ.ប ឬតាមអ៊ីមែល info@nec.gov.kh ដោយត្រូវភ្ជាប់ជាមួយនូវ៖
-ច្បាប់ចម្លងលិខិតឆ្លងដែន
-បណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មានរបស់អង្គភាពសាមី ឬអាជ្ញាធរមានសមត្ថកិច្ច
-លិខិតបញ្ជាបេសកកម្មរបស់អង្គភាពសាមី
-ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើបណ្ណសម្គាល់ខ្លួន។
ការដាក់ពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានគ្មានអង្គភាព ត្រូវភ្ជាប់មកជាមួយនូវ៖
-ច្បាប់ចម្លងបណ្ណសារព័ត៌មានដែលចេញដោយក្រសួងព័ត៌មាន ឬសមាគមអ្នកសារព័ត៌មាន ដែលមានសុពលភាព
-ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើបណ្ណសម្គាល់ខ្លួន
-អត្ថបទចុងក្រោយដែលខ្លួនបានសរសេរចុះផ្សាយក្នុងសារព័ត៌មានស្របច្បាប់ ក្នុងអំឡុងឆ្នាំចុងក្រោយចំនួន ៣ (បី) អត្ថបទ។
ពាក្យសុំ និងបែបបទសម្រាប់សុំបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មាន មានផ្តល់ជូនដោយឥតគិតថ្លៃនៅទីស្តីការ គ.ជ.ប (ជាន់ទី៨ បន្ទប់ B) ឬអាចទាញពីអាសយដ្ឋានវេប www.nec.gov.kh/khmer/content/8928។
នៅពេលបំពេញបែបបទតាមទម្រង់រួចរាល់ហើយ អ្នកសារព័ត៌មានអាចយកពាក្យមកដាក់ដោយផ្ទាល់នៅ គ.ជ.ប ឬអាចផ្ញើតាមរយៈ E-mail: info@nec.gov.kh ឬ Telegram (០៩៣ ៨០២ ៧៣៤)។
កាលបរិច្ឆេទនៃការចែកពាក្យ និងទទួលពាក្យ ៖
-អ្នកសារព័ត៌មានជាតិ ៖ ចាប់ផ្តើមពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥
-អ្នកសារព័ត៌មានអន្តរជាតិ ៖ ចាប់ផ្តើមពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ទាំងអស់ជ្រាបជាព័ត៌មាន៕