សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០០៧ គ.ជ.ប ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥

នាព្រឹកថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការ-ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើខ្លឹមសារអត្ថបទវីដេអូ អត្ថបទវិទ្យុ និងឯកសារបោះពុម្ពសម្រាប់ផ្សព្វផ្សាយក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ។


ក្រោយពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យលើខ្លឹមសារអត្ថបទវីដេអូ អត្ថបទវិទ្យុ និងឯកសារបោះពុម្ពផ្សាយទៅតាមរបៀបវារៈនីមួយៗរួចហើយ អង្គប្រជុំ គ.ជ.ប បានពិភាក្សាគ្នា និងកែសម្រួលលើចំណុចមួយចំនួន នៃឯកសារទាំងនោះ បន្ទាប់មកអង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖


១.របៀបវារៈទី១៖ បានអនុម័តលើខ្លឹមសារអត្ថបទនីមួយៗ មានដូចខាងក្រោម៖
•ខ្លឹមសារអត្ថបទវីដេអូអប់រំរឿងខ្លីមានចំណងជើងរឿងថា៖
-រឿងទី១៖ “អាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខុសពីឃុំ សង្កាត់ដែលសុំចុះឈ្មោះបោះឆ្នោត”
-រឿងទី២៖ “គ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចុះឈ្មោះបោះឆ្នោតបាន ឬអត់?”
-រឿងទី៣៖ “ខុសឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង”
-រឿងទី៤៖ ឌុកទ័រវ៉ូត (Dr.Vote)។
•ខ្លឹមសារអត្ថបទរឿងសម្រាប់វីដេអូគំនូរជីវចល រួមមាន៖
-រឿងទី១៖ “ខ្ញុំសុំលុបឈ្មោះសាច់ញាតិដែលទទួលមរណភាព” 
-រឿងទី២៖ “ខ្ញុំទើបផ្លាស់មករស់នៅក្នុងឃុំនេះ”  
-រឿងទី៣៖ “ប្តឹងជំទាស់ទៅនឹងបញ្ជីបោះឆ្នោតដំបូង”។
•ខ្លឹមសារអត្ថបទចម្រៀងមានចំណងជើងដូចខាងក្រោម៖
-បទចម្រៀងទី១៖ “បើខុសឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ត្រូវធ្វើយ៉ាងណា?”
-បទចម្រៀងទី២៖ “សុំធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៤” 
-បទចម្រៀងទី៣៖ ”សូមអញ្ជើញពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង”។
•ខ្លឹមសារអត្ថបទសម្រាប់ផ្សាយតាមវិទ្យុមានចំណងជើងដូចខាងក្រោម៖
-អត្ថបទរឿងទី១៖ “ខ្ញុំចង់ប្តូរការិយាល័យបោះឆ្នោតក្នុងឃុំដដែល”
-អត្ថបទរឿងទី២៖ “កូនគ្រប់អាយុចុះឈ្មោះបោះឆ្នោតហើយប៉ា” 
-អត្ថបទរឿងទី៣៖ “ខ្ញុំពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងតាមរយៈ App NEC KH ”
•សេចក្តីជូនដំណឹងស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ សម្រាប់ផ្សព្វផ្សាយតាមមេក្រូចល័ត រួមមាន៖
-សេចក្តីជូនដំណឹងទី១៖ “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត  ឆ្នាំ២០២៥”
-សេចក្តីជូនដំណឹងទី២៖ “ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥”
-សេចក្តីជូនដំណឹងទី៣៖ “ ឯកសារសម្រាប់ប្រើប្រាស់នៅពេលចុះឈ្មោះបោះឆ្នោត”
-សេចក្តីជូនដំណឹងទី៤៖ “ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៥”
-សេចក្តីជូនដំណឹងទី៥៖ “ការប្តឹងតវ៉ា និងការប្តឹងជំទាស់ទៅនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត”។
 
២.របៀបវារៈទី២៖ បានអនុម័តលើខ្លឹមសារអត្ថបទវីដេអូខ្នាតវែង ស្តីពីនីតិវិធីនៃការពិនិត្យ
បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ សម្រាប់ជាជំនួយស្មារតីដល់ការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមចុះឈ្មោះបោះឆ្នោត។
៣.របៀបវារៈទី៣៖ បានអនុម័តលើខ្លឹមសារឯកសារសម្រាប់បោះពុម្ពផ្សព្វផ្សាយចំនួន ៥ ប្រភេទ 
រួមមាន ខិត្តបណ្ណសំណួរ-ចម្លើយ គំរូប្លង់ការិយាល័យ គំរូឯកសារផ្លូវការ សៀវភៅផ្នត់ និងស្ទីគ័រ។

អង្គប្រជុំ គ.ជ.ប ត្រូវបានប្រកាសបិទបញ្ចប់ដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ១១:០៣ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕

ទាញយកកម្មវិធី(App) CamNEC News