នាព្រឹកថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការ-ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ឯកសារបោះពុម្ពផ្សាយ សម្រាប់ផ្សព្វផ្សាយក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងលទ្ធផលនៃការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី បម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥។
ក្រោយពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈនីមួយៗរួចហើយ អង្គប្រជុំ គ.ជ.ប បានពិភាក្សាគ្នា និងបានកែសម្រួលលើចំណុចនីមួយៗនៃឯកសារទាំងនោះ បន្ទាប់មកអង្គប្រជុំ គ.ជ.ប បានឯកភាពដូចខាងក្រោម៖
១.របៀបវារៈទី១៖ បានពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប ថ្ងៃទី២៥
ខែកុម្ភៈ និងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។
២.របៀបវារៈទី២៖ បានពិនិត្យ និងកែសម្រួលចំណុចមួយចំនួន ហើយសម្រេចលើឯកសារ
បោះពុម្ពផ្សាយ ចំនួន ២មុខ សម្រាប់ផ្សព្វផ្សាយក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះ
ឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ រួមមាន៖
-សៀវភៅអប់រំសម្រាប់អ្នកចុះឈ្មោះបោះឆ្នោត
-ស្ទីគ័រ (Sticker) ស្តីពីកាលបរិច្ឆេទនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។
៣.របៀបវារៈទី៣៖ បានពិនិត្យ និងសម្រេចលើលទ្ធផលនៃការប្រឡងជ្រើសរើសមន្រ្តី
ជាប់កិច្ចសន្យារយៈពេលខ្លី បម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំ
ការបោះឆ្នោតទាំង ២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥
ដែលការប្រឡងនោះបានប្រព្រឹត្តទៅនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥
កន្លងទៅនេះ។
ផ្អែកតាមរបាយការណ៍របស់ប្រធានអនុគណៈកម្មការកណ្តាលរៀបចំការប្រឡង បានមានប្រសាសន៍ថា បេក្ខជនដែលបានដាក់ពាក្យចូលរួមប្រឡងនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ សរុបទូទាំងប្រទេសមានចំនួន ៧៧៧ នាក់ តាមមុខតំណែងដូចខាងក្រោម៖
១.គ្រូបង្ហាត់ទ្រឹស្តី ចំនួន ២៨៧ នាក់
២.គ្រូបង្ហាត់ដែលអាចប្រើកុំព្យូទ័របាន ចំនួន ២៧៦ នាក់
៣.ជំនួយការរដ្ឋបាល ចំនួន ៣៣ នាក់
៤.ជំនួយការគណនេយ្យ ចំនួន ៣៥ នាក់
៥.ជំនួយការប្រតិបត្តិការ ចំនួន ២ នាក់
៦.ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម ចំនួន ២៨ នាក់
៧.លេខាធិការ ចំនួន ៤៦ នាក់
៨.ការីកុំព្យូទ័រ ចំនួន ៥៥ នាក់
៩.អ្នកបើកបររថយន្ត ចំនួន ១៥ នាក់។
ក្រោយបញ្ចប់ការប្រឡង អនុគណៈកម្មការកណ្តាលនៅ គ.ជ.ប បានទទួលសន្លឹកកិច្ចការរបស់បេក្ខជនពីអនុគណៈកម្មការរៀបចំការប្រឡងតាមរាជធានី ខេត្តទាំង ២៥ បន្ទាប់មកបានធ្វើកិច្ចការកំណែ និងដាក់ពិន្ទុស្របតាមគោលការណ៍កំណត់របស់ គ.ជ.ប។
សរុបជាលទ្ធផល បេក្ខជនចំនួន ៥៥៥ នាក់ បានប្រឡងជាប់ជាមន្ត្រីកិច្ចសន្យារយៈពេលខ្លីដើម្បីបម្រើការងារទៅតាមមុខតំណែងចំនួន ៩ ខាងលើ នៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។
ឈ្មោះបេក្ខជនដែលបានប្រឡងជាប់ នឹងមានបិទផ្សាយនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ និងមានបង្ហោះតាមអាសយដ្ឋានវេប គ.ជ.ប។
អង្គប្រជុំ គ.ជ.ប ត្រូវបានប្រកាសបិទបញ្ចប់ដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ១០:៣៧ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕