សេចក្តីប្រកាសព័ត៌មានលេខ ០២២ គ.ជ.ប.អគ្គ៖ វគ្គបណ្តុះបណ្តាលស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ ជូនដល់គ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ត្រូវបានបិទបញ្ចប់ដោយរលូនល្អ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបិទបញ្ចប់វគ្គបណ្តុះបណ្តាលជូនដល់គ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥” ដែលបានប្រព្រឹត្តទៅចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការ គ.ជ.ប។

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនារសៀលនេះ ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានជំនាញ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងសិក្ខាកាមទាំងអស់ដែលបានសហការ និងចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យវគ្គបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃ នេះ ប្រព្រឹត្តទៅដោយរលូនល្អ ស្របតាមផែនការ និងកម្មវិធីដែលបានកំណត់។

ឯកឧត្ដមបានណែនាំដល់គ្រូបង្ហាត់ គ.ជ.ប ទាំងអស់ថា បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលនេះហើយ ត្រូវត្រៀមរៀបចំសម្ភារឧបទ្ទេស និងត្រៀមលក្ខណៈដើម្បីធ្វើការបណ្តុះបណ្តាលបន្តទាំងនៅ គ.ជ.ប និងតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ជូនដល់តំណាងភាគីពាក់ព័ន្ធទាំងអស់ ស្របតាមផែនការ ប្រតិទិន និងកម្មវិធីដែលបានកំណត់។ ទន្ទឹមនឹងនេះ អង្គភាពជំនាញត្រូវយកចិត្តទុកដាក់ណែនាំដល់ លធ.ខប អំពីការងារបណ្តុះបណ្តាលបន្ត និងការងារផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធអំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត តាមគោលការណ៍ណែនាំរបស់ គ.ជ.ប។

ឯកឧត្ដម ម៉ុក ដារ៉ា បានមានប្រសាសន៍ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គឺជាដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដើម្បីធានាឱ្យមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។ ឯកឧត្ដមបានបញ្ជាក់ថា កន្លងមកការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតប្រចាំឆ្នាំ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានធ្វើការកែតម្រូវទិន្នន័យរបស់ខ្លួនដែលមានការប្រែប្រួលស្ថានភាព ដូចជា ករណីការផ្លាស់ប្តូរលំនៅឋាន ឬទីសំណាក់ ការកែតម្រូវករណីខុសឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ករណីផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតរបស់អ្នកបោះឆ្នោតតាមឯកសារថ្មីប៉ុណ្ណោះ ប៉ុន្តែ គ.ជ.ប ពុំបានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) របស់អ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតយ៉ាងតិច ១០ឆ្នាំឡើងទៅនោះទេ។ ហេតុនេះហើយបានជា គ.ជ.ប សម្រេចធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្ររបស់អ្នកបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយយ៉ាងតិច ១០ឆ្នាំ ដើម្បីឱ្យមកធ្វើបច្ចុប្បន្នភាពជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា ចាប់ពីឆ្នាំ២០២៥ នេះតទៅ តាមរយៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គ.ជ.ប នឹងធ្វើឱ្យបញ្ជីបោះឆ្នោតកាន់តែមានភាពប្រសើរឡើងប្រកបដោយគុណភាព និងដើម្បីធានាដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប។

ឯកឧត្ដមបានជម្រាបជូនទៀតថា ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នេះ គឺសំដៅដល់៖
-ការចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុន ឬទើបគ្រប់អាយុ ១៨ ឆ្នាំ ឬដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ 
-អ្នកសុំចុះឈ្មោះបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ប៉ុន្តែមានបំណងកែតម្រូវទិន្នន័យជីវប្រវត្តិ ឬទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតមិនដែលបានធ្វើបច្ចុប្បន្នភាពក្នុងរយៈពេលយ៉ាងតិច ១០ឆ្នាំ
-ការកែតម្រូវឈ្មោះ ឬ/និងទិន្នន័យរបស់អ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត ឱ្យបានត្រឹមត្រូវតាមឯកសារផ្លូវការដែលបានប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត
-ការផ្លាស់ប្តូរទិន្នន័យឯកសារចុះឈ្មោះបោះឆ្នោត ពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលអស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ផ្អែកតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព
-ការផ្ទេរការិយាល័យបោះឆ្នោត ពីភូមិមួយទៅភូមិមួយក្នុងឃុំ សង្កាត់ ឬទៅឃុំ សង្កាត់ផ្សេង
-ការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ដោយផ្អែកតាមឯកសារសំអាង ត្រឹមត្រូវ និងច្បាស់លាស់ សម្រាប់អ្នកដែលទទួលមរណភាព ឬត្រូវបានដកហូតជាបណ្តោះអាសន្ននូវសិទ្ធិបោះឆ្នោត ឬត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង។


វគ្គបណ្តុះបណ្តាលខាងលើនេះ មានសិក្ខាកាមជាគ្រូបង្ហាត់ គ.ជ.ប និងមន្រ្តី គ.ជ.ប សរុបចំនួន ៦០នាក់។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នឹងត្រូវរៀបចំនៅថ្នាក់ គ.ជ.ប ចំនួន ១លើកទៀត សម្រាប់ លធ.ខប និងតំណាងភាគីពាក់ព័ន្ធ នៅថ្ងៃទី១-៣ ខែមេសា ឆ្នាំ២០២៥ មុននឹងបន្តរៀបចំនៅថ្នាក់រាជធានី ខេត្ត និងនៅតាមមណ្ឌលប្រមូលផ្តុំក្រុង ស្រុក ខណ្ឌ៕
 

ទាញយកកម្មវិធី(App) CamNEC News