នារសៀលថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៣:០០ រសៀល នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅអស់រយៈពេលបីថ្ងៃកន្លងមកនេះ ( ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ។
ថ្លែងក្នុងពីធីបិទវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ជាអាទិ៍ថា ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលរបស់លោកប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងអប់រំអ្នកបោះឆ្នោត ការបណ្ដុះបណ្ដាលរយៈពេល ៣ថ្ងៃនេះ ឃើញថាសិក្ខាកាមទាំងអស់ទទួលបានចំណេះដឹងថ្មីៗ មានការយល់ដឹងច្បាស់លាស់បន្ថែមទៀតអំពីការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បានល្អប្រសើរ ហើយកត្តានេះបានបង្ហាញពីភាពវិជ្ជមាន សម្រាប់មន្ត្រីបោះឆ្នោត និងភាគីពាក់ព័ន្ធដែលនឹងត្រូវរៀបចំ និងចូលរួមការបណ្តុះបណ្តាល និងអនុវត្តបន្តនាពេលខាងមុខដ៏ខ្លីនេះនៅតាមរាជធានី ខេត្ត ទាំង ២៥។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍បន្តថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គឺជាដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាព មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។ បញ្ជីបោះឆ្នោត គឺជាតម្រូវការចាំបាច់ ដែលមិនអាចខ្វះបានសម្រាប់បម្រើឱ្យការបោះឆ្នោត និងតាមការកំណត់នៃច្បាប់។ ឆ្នាំនេះទោះបីមិនមែនជាឆ្នាំដែលត្រូវរៀបចំបញ្ជីបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសកលក៏ដោយ ក៏ គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឱ្យបានល្អប្រសើរ ដើម្បីលើកកម្ពស់គុណភាពបញ្ជីបោះឆ្នោត និងធានាសិទ្ធិបោះឆ្នោតជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់បោះឆ្នោតជាធរមាន។ ក្នុងឆ្នាំដែលមានការបោះឆ្នោតជាសកល ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់បំផុត ក្នុងចំណោមដំណាក់កាលទាំង៤ នៃដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ព្រោះបញ្ជីបោះឆ្នោតបានផ្តល់នូវមុខងារសំខាន់ ២ ដល់អាជ្ញាធរ បោះឆ្នោត គឺការផ្ទៀងផ្ទាត់សុពលភាពនៃអ្នកបោះឆ្នោត និងការត្រួតពិនិត្យភាពស្របច្បាប់នៃការបោះឆ្នោត។ បញ្ជីនេះ ក៏អាចប្រើផងដែរសម្រាប់អប់រំអ្នកបោះឆ្នោត និងជាជំនួយដល់គណបក្សនយោបាយ និងបេក្ខជនក្នុងការឃោសនាបោះឆ្នោត។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានរំលឹកអំពីប្រវត្តិនៃការចុះឈ្មោះបោះឆ្នោតថា បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០១៤ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតត្រូវអនុវត្តដោយដៃតាមឃុំ សង្កាត់ រួចបញ្ជូនឯកសារមកបញ្ចូលទិន្នន័យ និងរៀបចំជាបញ្ជីបោះឆ្នោតនៅមជ្ឈមណ្ឌលកុំព្យូទ័រថ្នាក់ជាតិ។ ស្របតាម បច្ចេកវិទ្យាព័ត៌មានកាន់តែរីកចម្រើន ការបោះឆ្នោតនៅកម្ពុជាត្រូវបានកែទម្រង់យ៉ាងស៊ីជម្រៅ ក្នុងនោះការចុះឈ្មោះបោះឆ្នោតត្រូវបានផ្លាស់ប្តូរពីការចុះឈ្មោះអ្នកបោះឆ្នោតដោយដៃ មកជាការចុះឈ្មោះតាមប្រព័ន្ធកុំព្យូទ័រវិញ ចាប់តាំងពីឆ្នាំ២០១៦ មក។ ក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះ ក្រុមចុះឈ្មោះបោះឆ្នោតបានធ្វើការចុះឈ្មោះតាមឃុំ សង្កាត់ និងបញ្ជូនទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណេតមកនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ដើម្បីរៀបចំជាបញ្ជីបោះឆ្នោតដំបូង និងបន្ទាប់មកជាបញ្ជីបោះឆ្នោតផ្លូវការសម្រាប់ប្រើប្រាស់តាមច្បាប់។ បច្ចេកវិទ្យានេះបាន ផ្តល់ភាពងាយស្រួលដល់ គ.ជ.ប ក្នុងការគ្រប់គ្រងបញ្ជីឈ្មោះអ្នកបោះឆ្នោត លើកកម្ពស់គុណភាព និងជំនឿលើបញ្ជីបោះឆ្នោត និងងាយស្រួលក្នុងការស្វែងរកព័ត៌មានអ្នកបោះឆ្នោតយ៉ាងឆាប់រហ័ស។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា បញ្ជីបោះឆ្នោតយើងមានគុណភាពខ្ពស់ បើផ្ទៀងផ្ទាត់ជាមួយទិន្នន័យដែលមាននៅក្នុងបញ្ជី ប៉ុន្តែទោះជាយ៉ាងណាក៏នៅមានគុណវិបត្តិមួយចំនួនដែរ ដោយសារតែការបាត់បង់បច្ចុប្បន្នភាពរបស់អ្នកបោះឆ្នោតទៅតាមពេលវេលា គឺការប្រែប្រួលស្ថានភាពនៅក្នុងសង្គម ដូចជាមានអ្នកទទួលមរណភាព អ្នកផ្លាស់ប្តូរអាសយដ្ឋាន និងការប្រែប្រួលសញ្ញាណដៅសម្គាល់របស់អ្នកបោះឆ្នោត ដែលនាំឱ្យខុសពីទិន្នន័យជីវមាត្ររបស់អ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត។ ជាធម្មជាតិក្នុងរយៈពេល ១០ឆ្នាំ ភិនភាគរបស់មនុស្សយើងតែងតែមានភាពប្រែប្រួលមួយចំនួន ដូចជាមុខពិតចាស់ជាងមុន និងខ្ចៅដៃសឹកជាដើម ដែលនាំឱ្យមានភាពប្រែប្រួល ឬខុសពីទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត ដែលអ្នកបោះឆ្នោតបានចុះឈ្មោះកាលពី ១០ឆ្នាំមុន។ បញ្ហានេះ អាចនាំឱ្យមានការពិបាកក្នុងការកំណត់អត្តសញ្ញាណរបស់អ្នកបោះឆ្នោត ហើយអាចឈានដល់ការប៉ះពាល់សិទ្ធិបោះឆ្នោតរបស់អ្នកបោះឆ្នោតនៅថ្ងៃបោះឆ្នោត។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍បន្តទៀតថា កន្លងមកក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គ.ជ.ប បាន៖
១. ធ្វើការចុះឈ្មោះបោះឆ្នោតថ្មីជូនអ្នកមានសិទ្ធិបោះឆ្នោត អ្នកទើបគ្រប់អាយុ ១៨ឆ្នាំ និងអ្នកដែលផ្លាស់ទីលំនៅឋាន ឬទីសំណាក់ចូលឃុំ សង្កាត់ថ្មី។ ចំពោះអ្នកដែលផ្លាស់លំនៅឋាន ឬទីសំណាក់ចូលឃុំ សង្កាត់ថ្មី ការផ្ទេរ ឬចុះឈ្មោះថ្មីតម្រូវឱ្យថតរូប និងផ្តល់ស្នាមម្រាមដៃជាថ្មី។
២. ធ្វើការកែតម្រូវទិន្នន័យជីវប្រវត្តិ ជូនអ្នកបោះឆ្នោតដែលប្តូរការិយាល័យបោះឆ្នោត ក្នុងឃុំ សង្កាត់ អ្នកដែលមានទិន្នន័យដូចជាឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើតកត់ត្រាមិនបាន ត្រឹមត្រូវក្នុងបញ្ជីបោះឆ្នោត និងអ្នកដែលបានផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត។
៣. ធ្វើការស្រង់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំពោះអ្នកដែលបានទទួលមរណភាព អ្នកដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន និងអ្នកដែលផ្លាស់លំនៅឋាន ឬទីសំណាក់ ចេញទៅឃុំ សង្កាត់ថ្មី ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពុំបានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្ររបស់អ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតយ៉ាងតិច ១០ឆ្នាំនោះទេ ហេតុនេះហើយបានជាចាប់ពីឆ្នាំ២០២៥ នេះតទៅ គ.ជ.ប សម្រេចបន្ថែមការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្ររបស់អ្នកបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតហើយយ៉ាងតិច ១០ឆ្នាំ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។
ឯកឧត្តម ប្រាជ្ញ ចន្ទ ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្តេជ្ញាចិត្តធ្វើឱ្យបញ្ជីបោះឆ្នោតកាន់តែមានភាពប្រសើរឡើង ប្រកបដោយគុណភាព និងដើម្បីធានាដល់សិទ្ធិបោះឆ្នោតពេញលេញរបស់ប្រជាពលរដ្ឋគ្រប់រូប។ ការពង្រឹងបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត គឺជាការងារចាំបាច់ដែល គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តជាប្រចាំ ពិសេសការកែតម្រូវទិន្នន័យជីវប្រវត្តិ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ហើយការងារនេះទាមទារឱ្យមានកិច្ចសហការខ្ពស់ពីភាគីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយក្នុងឆ្នាំកន្លងទៅគិតចាប់តាំងពីឆ្នាំ២០១៦មក។ ពិតមែនតែឆ្នាំ២០២៥ នេះ ពុំមានការរៀបចំការបោះឆ្នោតសកលក្តី តែការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ គឺជាឆ្នាំដំបូងនៃការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ត្រូវអនុវត្តតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ សេចក្តីសម្រេច ផែនការ និងប្រតិទិនដែលបានកំណត់។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានបញ្ជាក់បន្ថែមអំពីទិន្នន័យជីវមាត្រថា តាមអនុក្រឹត្យស្តីពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព័ត៌មានជីវមាត្ររួមមាន រូបថតឌីជីថល ស្នាមខ្ចៅដៃ ស្នាមស្គែនប្រស្រីភ្នែក ហត្ថលេខាអេឡិចត្រូនិក ។ល។ ហើយឯកឧត្តមបានបន្តថា លិខិតឆ្លងដែនមានសុពលភាព ១០ឆ្នាំ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក៏មានសុពលភាព ១០ឆ្នាំដែរ ។ មនុស្សយើងក្នុងរយៈពេល ១០ឆ្នាំ មានវ័យចាស់ជាងមុន ស្នាមខ្ចៅដៃក៏សឹក ។ ដូចនេះ ដើម្បីឱ្យមានសង្គតិភាព គ.ជ.ប ក៏ត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោត។ ប៉ុន្តែទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតយកតែរូបថតឌីជីថល និងស្នាមខ្ចៅដៃទេ។ គ.ជ.ប ត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រនេះចាប់ពីឆ្នាំ២០២៥ នេះតទៅ ដែលមានអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង ៦.៤០០.០០០ (ប្រាំមួយលានបួនសែន) នាក់។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ អញ្ជើញទៅចុះឈ្មោះបោះឆ្នោត ចំពោះប្រជាពលរដ្ឋដែលពុំទាន់បានចុះឈ្មោះបោះឆ្នោត និងសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយ មិនដែលបានធ្វើបច្ចុប្បន្នភាពក្នុងរយៈពេលយ៉ាងតិច ១០ឆ្នាំ ទៅធ្វើបច្ចុប្បន្នភាព ទិន្នន័យជីវមាត្រ ជាមួយក្រុមចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់សាមី កុំបីខានឡើយ និងសូមតំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងភាគីពាក់ព័ន្ធដទៃទៀត មេត្តាជួយផ្សព្វផ្សាយបន្ត និងជំរុញប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ទៅពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២៤ ដែលមានបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ ឬទីប្រជុំជនណាមួយក្នុងឃុំ សង្កាត់ ឬផ្សព្វផ្សាយតាមអាសយដ្ឋានវេប voterlist.nec.gov.kh ឬតាមកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ ត្រូវបន្តសហការជាមួយអគ្គនាយកដ្ឋាន នាយកដ្ឋានជំនាញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលបន្តនៅតាមរាជធានី ខេត្ត ទៅតាមផែនការមេដែលបានកំណត់ និងសូមប្រកបដោយជោគជ័យ។
វគ្គបណ្តុះបណ្តាល ដែលបានប្រព្រឹត្តទៅអស់រយៈពេល ៣ថ្ងៃ កន្លងមកនេះ មានសិក្ខាកាមចូលរួមចំនួន ១៤៨នាក់ រួមមានមន្ត្រីនៃលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោតទាំង ២៥ មន្ត្រីបោះឆ្នោតនៅទីស្តីការ គ.ជ.ប តំណាងគណបក្សនយោបាយចំនួន ១៥គណបក្ស តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៧ ៕