សេចក្ដីណែនាំលេខ ០២២ គ.ជ.ប.ស.ណ.ន ស្ដីពីកិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥

-យោងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
-យោងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
-យោងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ
-យោងសេចក្តីសម្រេចលេខ ០២៩ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ស្តីពីការបង្កើតលេខាធិការដ្ឋានសន្តិសុខបោះឆ្នោត នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត 
-យោងសេចក្តីសម្រេចលេខ ៣៩៩ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ស្តីពីការកែសម្រួលសមាសភាពនៃលេខាធិការដ្ឋានសន្តិសុខបោះឆ្នោត នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
-យោងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ
-យោងសេចក្តីសម្រេចលេខ ០០៤ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥
-យោងផែនការការពារលេខ ០០១ ផក ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ របស់គណៈបញ្ជាការសន្តិសុខ
អចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត ស្ដីពីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ និង ឆ្នាំ២០២៦
-យោងប្រតិទិនសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥

ដើម្បីឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ ប្រព្រឹត្តទៅដោយរលូនល្អ និងទទួលបានជោគជ័យ ស្ថិតក្នុងបរិយាកាសនយោបាយស្ងប់ស្ងាត់ប្រកបដោយ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមណែនាំដល់ លេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) និងក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ត្រូវសហការអនុវត្តតាមគោលការណ៍ និងវិធានការដូចតទៅ ៖
១.លេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប ត្រូវសហការជាមួយលេខាធិការដ្ឋាន នៃគណៈបញ្ជាការ សន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្នុងការរៀបចំកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានី
ខេត្ត ឬ/និងកងរាជអាវុធហត្ថរាជធានី ខេត្ដ ឱ្យបំពេញភារកិច្ចជាភ្នាក់ងារសន្តិសុខបោះឆ្នោត និងចាត់វិធានការចាំបាច់នានា ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតឆ្នាំ២០២៥ ដោយអនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ផែនការការពារលេខ ០០១ ផក  ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ របស់ គ.ស.អ ។


២.លធ.ខប កបឃ.ស និង ក.ច.ប នីមួយៗ ត្រូវពង្រឹងកិច្ចសហការការងារឱ្យបានជាប្រចាំជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដែលជាសេនាធិការ ពិសេសកម្លាំងប្រចាំការត្រៀមនៅតាមរាជធានី ខេត្ត កម្លាំងត្រៀមអន្តរាគមន៍ក្នុងភូមិសាស្ត្រខាងក្រៅនៃក្រុង ស្រុក ខណ្ឌនីមួយៗ និងកម្លំាងនគរបាលការពារនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតនីមួយៗ ដែលមានទីតាំងនៅតាមសាលាឃុំ សង្កាត់ ឬចល័តទៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ ផ្អែកតាមផែនការដែលបានកំណត់។


៣.លធ.ខប កបឃ.ស និង ក.ច.ប នីមួយៗ ត្រូវយកចិត្តទុកដាក់តាមដាន និងក្តាប់ជាប់សភាពការណ៍ សន្តិសុខ និងត្រូវស្នើសុំកិច្ចអន្តរាគមន៍ពីកម្លាំងមានសមត្ថកិច្ច ក្រុមពន្លត់អគ្គិភ័យ ឬក្រុមបុគ្គលិកសុខាភិបាលឱ្យបានទាន់ពេលវេលា ក្នុងករណីមានការអុកឡុករំខាន ការគំរាមកំហែង ឬការប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗទៀត និងក្នុងករណីកើតមានអគ្គិភ័យ ឬបញ្ហាសុខភាពផ្សេងៗ ដែលធ្វើឱ្យរំាងស្ទះដល់ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។


៤.ក្នុងករណីប្រទេសជាតិជួបគ្រោះអាសន្ន ឬស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺឆ្លងកាចសាហាវ និង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗ លេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប លធ.ខប កបឃ.ស និង ក.ច.ប នីមួយៗ ត្រូវយកចិត្តទុកដាក់អនុវត្តតាមវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការចាំបាច់ផ្សេងទៀត ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងសេចក្ដីណែនាំផ្សេងៗ។


៥.ចាប់ពីពេលនេះ រហូតដល់បញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ លធ.ខប នីមួយៗ ត្រូវរៀបចំកិច្ចប្រជុំចម្រុះដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ (Online) ក្នុងមួយខែម្តង ឬពីរដងតាមការចាំបាច់ និងអាចប្រជុំជាវិសាមញ្ញ ក្នុងគោលបំណងពិភាក្សាលើការងារសន្តិសុខ និងការចាត់វិធានការចាំបាច់ផ្សេងៗ សំដៅកាត់បន្ថយឱ្យបានរាល់បញ្ហាទំនាស់ ឬការប្រឈមនានា ដែលបានកើតឡើង និងស្វែងរកដំណោះស្រាយឱ្យបានសមស្រប និងទាន់ពេលវេលា។


សមាសភាពដែលត្រូវអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាខាងលើ រួមមាន ៖
-ប្រធាន លធ.ខប ជាសហប្រធាន
-អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធាន
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ឬតំណាង ជាសហប្រធាន
-ស្នងការនគរបាលរាជធានី ខេត្ត ឬតំណាង    ជាសមាជិក
-មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ខេត្ត ឬតំណាង ជាសមាជិក
-មេបញ្ជាការយោធភូមិភាគពិសេស ឬយោធភូមិភាគទី១
ដល់ទី៥ នៃរាជធានី ខេត្តដែលពាក់ព័ន្ធ ឬតំណាង ជាសមាជិក
-មេបញ្ជាការតំបន់សឹករងរាជធានី ខេត្ត ជាសមាជិក
-ប្រធានមន្ទីរព័ត៌មានរាជធានី ខេត្ត ជាសមាជិក
-អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ និងជាប្រធាន            
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឬតំណាង ជាសមាជិក
-តំណាងគណបក្សនយោបាយប្រចាំរាជធានី ខេត្ត ជាសមាជិក
-តំណាងអង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធប្រចាំរាជធានី ខេត្ត ជាសមាជិក
-អ្នកសង្កេតការណ៍បោះឆ្នោតជាតិ អន្តរជាតិ (ប្រសិនបើមាន) ជាសមាជិក ឬ/និង
-មន្រ្តីតំណាងរបស់លេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប
តាមការចាត់តំាង ឬភាគីពាក់ព័ន្ធផ្សេងទៀតមួយចំនួនតាមការចាំបាច់។


៦.លធ.ខប នីមួយៗ ត្រូវធ្វើរបាយការណ៍ជាប្រចាំជុំវិញស្ថានការណ៍សន្តិសុខ ដែលបានកើតឡើងនៅរាជធានី ខេត្តនីមួយៗ ក្នុងអំឡុងពេលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ផ្ញើជូនលេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ  គ.ជ.ប ឱ្យបានទៀងទាត់ក្នុងករណីចាំបាច់ លធ.ខប នីមួយៗ ត្រូវរាយការណ៍ដោយផ្ទាល់ជូនប្រធានលេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប ដើម្បីស្នើសុំគោលការណ៍សម្រេច
ពីថ្នាក់ដឹកនាំ គ.ជ.ប និងមានវិធានការដោះស្រាយបានទាន់ពេលវេលា និងស្របតាមនីតិវិធី។


ទទួលបានសេចក្តីណែនាំនេះ ប្រធានលេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប ប្រធាន លធ.ខប ប្រធាន កបឃ.ស និងប្រធាន ក.ច.ប ទំាងអស់ត្រូវយកចិត្តទុកដាក់សហការអនុវត្តឱ្យមានប្រសិទ្ធភាព និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
 

ទាញយកកម្មវិធី(App) CamNEC News