សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០១២ គ.ជ.ប ស្ដីពីការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥

នាព្រឹកថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹង ការបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ជឺ ចំណាន អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីប្រកាសផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ ចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន និងការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោតក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។


ឯកឧត្ដម ជឺ ចំណាន បានមានប្រសាសន៍ថា ការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍ ដូចដែលយើងបានធ្វើជារៀងរាល់ឆ្នាំ។ ដោយចាប់ផ្តើមពីឆ្នាំ២០២៥ នេះតទៅ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បានបន្ថែមចំណុចសំខាន់ថ្មីមួយ គឺការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោត សម្រាប់អ្នកដែលបាន   ចុះឈ្មោះបោះឆ្នោតក្នុងរយៈពេលយ៉ាងតិច ១០ឆ្នាំ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជាធរមាន ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងបច្ចុប្បន្នភាព ដោយធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។ 


ឯកឧត្ដម ជឺ ចំណាន បានមានប្រសាសន៍បន្តថា នៅមុនបើកដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ គ.ជ.ប ត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈ នូវបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៤ ដោយត្រូវបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីប្រជុំជន ណាមួយក្នុងឃុំ សង្កាត់ យ៉ាងតិច ១០ (ដប់) ថ្ងៃ មុនពេលចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត ហើយក្នុងឆ្នាំនេះ ការបិទផ្សាយត្រូវធ្វើនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ព្រមទាំងផ្សព្វផ្សាយនៅលើអាសយដ្ឋានវេប គ.ជ.ប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH ។

 ការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៤ នេះ មានគោលបំណងឱ្យប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មកពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនឡើងវិញ។ ប្រសិនបើទិន្នន័យក្នុងបញ្ជីបោះឆ្នោតមិនត្រឹមត្រូវតាមទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ (ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត) ឬអាចប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត ឬចំពោះអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ក្នុងរយៈពេលយ៉ាងតិច ១០ឆ្នាំ សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត តាមឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។ ឯកឧត្ដម បានបន្តទៀតថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការឆ្នាំ២០២៤ មានចំនួន ៩.៩៩២.៤២១ (ប្រាំបួនលាន ប្រាំបួនរយកៅសិបពីរពាន់ បួនរយម្ភៃមួយ) នាក់ ក្នុងនោះស្រ្តីមានចំនួន ៥.៣០៤.៨៥៥ (ប្រាំលាន បីរយបួនពាន់ ប្រាំបីរយហាសិបប្រាំ) នាក់។ 


ចំពោះស្ថិតិប្រជាពលរដ្ឋ ចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន និងការបិទផ្សាយបញ្ជីឈ្មោះ ទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត ឯកឧត្ដម ជឺ ចំណាន បានមានប្រសាសន៍ថា ផ្តើមចេញពីកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ និងក្រសួង ស្ថាប័នពាក់ព័ន្ធ និងដោយមានកិច្ចខិតខំប្រឹងប្រែងពីមន្រ្តីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) នៅទូទាំងប្រទេស គ.ជ.ប បានទទួលលទ្ធផលល្អក្នុងការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នេះ ដែលក្នុងនោះប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើង មានចំនួន ១១.២២៩.០៤៩ (ដប់មួយលាន ពីររយម្ភៃប្រាំបួនពាន់ សែសិបប្រាំបួន) នាក់ ក្នុងនោះស្រ្តីមានចំនួន ៥.៨០៤.១៣៦ (ប្រាំលាន ប្រាំបីរយបួនពាន់ មួយរយសាមសិបប្រាំមួយ) នាក់។ ចំនួនប្រជាពលរដ្ឋប៉ាន់ស្មាន ដែលអាចមកចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២៥ មានចំនួន ២២០.៥៥៣ (ពីររយម្ភៃពាន់ ប្រាំរយហាសិបបី) នាក់។ ចំនួនអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតមានចំនួន ៥៥.៩០៤ (ហាសិបប្រាំពាន់ ប្រាំបួនរយបួន) នាក់។ ចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន ឆ្នាំ២០២៥ មានចំនួន ២៤.២៣១ (ម្ភៃបួនពាន់ ពីររយសាមសិបមួយ) ការិយាល័យ។


ឯកឧត្ដម បានបញ្ជាក់ថា ការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ ចំនួនការិយាល័យបោះឆ្នោត ប៉ាន់ស្មាន និងការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត នឹងត្រូវធ្វើការផ្សព្វផ្សាយព្រមគ្នាជាសាធារណៈ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ នៅលើអាសយដ្ឋានវេប គ.ជ.ប www.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH។     គ.ជ.ប ក៏បានចាត់ លធ.ខប និង កបឃ.ស ឱ្យថតចម្លង និងបិទផ្សាយជាសាធារណៈនូវបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត នៅសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនមួយចំនួនក្នុងឃុំ សង្កាត់ផងដែរ។ គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល អ្នកសង្កេតការណ៍បោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មានសិទ្ធិស្នើសុំពី គ.ជ.ប នូវបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោតនៃឃុំ សង្កាត់មួយ ឬច្រើន ដោយត្រូវបង់ថ្លៃត្រឹមថ្លៃផលិត បន្ទាប់ពីពេលដែលបញ្ជីនេះត្រូវបានបោះពុម្ពផ្សាយ។ ការផ្គត់ផ្គង់ចំពោះការស្នើសុំខាងលើនេះ ត្រូវផ្អែកលើលទ្ធភាពផលិត និងតាមលំដាប់មុនក្រោយនៃការស្នើសុំ។ រាល់ការស្នើសុំ តម្រូវឱ្យបង់ប្រាក់មុនស្មើនឹង ១០០ភាគរយនៃតម្លៃផលិត។


ឯកឧត្ដម ជឺ ចំណាន បានជម្រាបជូនក្នុងអង្គប្រជុំផងដែរ អំពីលទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៤។ យោងតាមប្រតិទិនសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ដំណើរការនៃការចែកលិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៤ នៅតាមភូមិក្នុងឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។


គោលបំណងនៃការផ្ដល់លិខិតអញ្ជើញនេះ គឺដើម្បីជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៤។ 
លទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋបានចំនួន ៦.៣២៧.៧៦៦ (ប្រាំមួយលាន បីរយម្ភៃប្រាំពីរពាន់ ប្រាំពីររយហុកសិបប្រាំមួយ) នាក់ ស្មើនឹង ៦៣,៣៣ភាគរយ នៃចំនួនលិខិតអញ្ជើញដែល គ.ជ.ប បានបោះពុម្ព។ ការងារចុះចែកលិខិតអញ្ជើញនេះនៅតែបន្តរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។


មុននឹងបញ្ចប់ តាងនាម គ.ជ.ប និង ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ឯកឧត្ដម ជឺ ចំណាន បានអំពាវនាវដល់គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងភាគីពាក់ព័ន្ធដទៃទៀត មេត្តាជួយផ្សព្វផ្សាយបន្ត និងជំរុញប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៤ ដែលមានបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងទីប្រជុំជនណាមួយក្នុងឃុំ សង្កាត់ ឬបង្ហោះផ្សាយតាមអាសយដ្ឋានវេប voterlist.nec.gov.kh ឬតាមកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះតទៅ។ចំពោះប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃផ្តល់សុពលភាព លើបញ្ជីបោះឆ្នោត (ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥) គឺ អ្នកកើតមុន ឬត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០០៧ សូមមេត្តាអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ នៅតាមសាលាឃុំ សង្កាត់ ឬ/និងនៅតាមទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ដើម្បីបំពេញសិទ្ធិជាម្ចាស់ឆ្នោត ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។


ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ តំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងគណបក្សនយោបាយចំនួន ៧ គណបក្ស តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាលចំនួន ១០ ព្រមទាំងអ្នកសារព័ត៌មានសរុបទាំងអស់ប្រមាណជាង ៤០ នាក់៕ 
 

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore