នាព្រឹកថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈ- កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់
គ.ជ.ប និងវីដេអូអប់រំដែលបានផលិតរួច សម្រាប់ផ្សព្វផ្សាយក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។
ក្រោយពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាតាមរបៀបវារៈនីមួយៗ រួចហើយ អង្គប្រជុំ គ.ជ.ប បានកែសម្រួលខ្លឹមសារនៃកំណត់ហេតុលើចំណុចមួយចំនួន បន្ទាប់មកអង្គប្រជុំ គ.ជ.ប បានឯកភាព ដូចខាងក្រោម៖
១.របៀបវារៈទី១៖ បានសម្រេចឱ្យកែសម្រួលឡើងវិញនូវកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។
២.របៀបវារៈទី២៖ បានពិនិត្យមើល និងកែសម្រួលវីដេអូអប់រំចំនួន ៥ប្រភេទ ហើយបានសម្រេចលើវីដេអូអប់រំទាំងនោះដើម្បីផ្សព្វផ្សាយ រួមមាន៖
១.វីដេអូខ្នាតវែងមានរយៈពេល ៤៧នាទី និង២០វិនាទី៖ ស្តីពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។
២.ស្ប៉ុតវីដេអូអប់រំចំនួន ៣ ដែលមានចំណងជើងដូចខាងក្រោម៖
-“អាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខុសពីឃុំ សង្កាត់ដែលសុំចុះឈ្មោះបោះឆ្នោត” មានរយៈពេល ៣នាទី និង៤០វិនាទី
-“គ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចុះឈ្មោះបោះឆ្នោតបាន ឬអត់?” មានរយៈពេល ៤នាទី និង១០វិនាទី។
-“ខុសឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង” មានរយៈពេល ៣នាទី និង៣២វិនាទី។
៣.វីដេអូអប់រំឌុកទ័រវ៉ូត (Dr.Vote) ខ្នាតវែងមានរយៈពេល ១២នាទី និង១៧វិនាទី។
៤.ស្ប៉ុតវីដេអូអប់រំបែបគំនូរជីវចលចំនួន ៣ វីដេអូ ដែលមានចំណងជើងរឿងថា៖
-“ខ្ញុំសុំលុបឈ្មោះសាច់ញាតិដែលទទួលមរណភាព” មានរយៈពេល ៣នាទី និង២៥វិនាទី
-“ខ្ញុំទើបផ្លាស់មករស់នៅក្នុងឃុំនេះ” មានរយៈពេល ៣នាទី និង១៨វិនាទី
-“ប្តឹងជំទាស់ទៅនឹងបញ្ជីបោះឆ្នោត” មានរយៈពេល ៣នាទី និង២៣វិនាទី។
៥.វីដេអូចម្រៀងកាយវិការចំនួន ៣ បទ ដែលមានចំណងជើងដូចខាងក្រោម៖
-“បើខុសឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ត្រូវធ្វើយ៉ាងណា?” មានរយៈពេល
៣នាទី និង២៤វិនាទី
-“សុំធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៤” មានរយៈពេល ៤នាទី និង១៧វិនាទី
-”សូមអញ្ជើញពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង” មានរយៈពេល ៣នាទី និង៨វិនាទី។
៣.របៀបវារៈផ្សេងៗ៖ អង្គប្រជុំ គ.ជ.ប បានលើកឡើងសុំឱ្យអង្គភាពជំនាញ ផលិតស្ប៉ុតវីដេអូលើកក្រោយគួរមានភាសាសញ្ញាជាកាយវិការសម្រាប់ជនដែលមានពិការភាព និងគួរមានឡើងអក្សរជាភាសារអង់គ្លេសនៅខាងក្រោម (English Subtitle)។
មុននឹងបិទបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ប្រាជ្ញ ចន្ទ បានណែនាំឱ្យអគ្គលេខាធិការ គ.ជ.ប ពិនិត្យឡើងវិញនូវលក្ខខណ្ឌនៃការជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីដាក់បញ្ចូលក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការងារជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាលើកក្រោយ។
អង្គប្រជុំ គ.ជ.ប ត្រូវបានប្រកាសបិទបញ្ចប់ដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ១១: ៥០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕