នាព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប របាយការណ៍ស្តីពីការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ និងរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការដំឡើងឋានន្តរស័ក្តិ និងថ្នាក់សម្រាប់អ្នករាជការ គ.ជ.ប ឆ្នាំ២០២៥។
ក្រោយពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាតាមរបៀបវារៈនីមួយៗ រួចហើយអង្គប្រជុំ គ.ជ.ប បាន កែសម្រួលខ្លឹមសារនៃកំណត់ហេតុលើចំណុចនីមួយៗ បន្ទាប់មកអង្គប្រជុំ គ.ជ.ប បានឯកភាព ដូចខាងក្រោម៖
១.របៀបវារៈទី១៖ បានឯកភាពលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។
២.របៀបវារៈទី២៖ បានពិនិត្យកែសម្រួល និងសម្រេចលើរបាយការណ៍ស្តីពីការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោមនៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ ដែលមានចំនួន ១៦ ទំព័រ មានឧបសម្ព័ន្ធចំនួន ១០។
៣.របៀបវារៈទី៣៖ បានសម្រេចលើរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការដំឡើងឋានន្តរស័ក្តិ និងដំឡើងថ្នាក់សម្រាប់អ្នករាជការ គ.ជ.ប ចំនួន ១៨២ រូបសម្រាប់ឆ្នាំ២០២៥ រួមមានដូចខាងក្រោម៖
ក. ដំឡើងឋានន្តរស័ក្តិមានចំនួន ២១ រូប៖
ដំឡើងឋានន្តរស័ក្តិពីអនុមន្ត្រី ក.៣.១ ទៅ ក.២.៤ មានចំនួន ១១ រូប។
ដំឡើងឋានន្តរស័ក្តិពីវរមន្ត្រី ក.២.១ ទៅ ក.១.៦ មានចំនួន ១០ រូប។
ខ. ដំឡើងថ្នាក់មានចំនួន ១៦១ រូប៖
ដំឡើងថ្នាក់ក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រីនៃក្របខណ្ឌមន្ត្រីបោះឆ្នោតជាន់ខ្ពស់មានចំនួន ៣១ រូប។
ដំឡើងថ្នាក់ក្នុងឋានន្តរស័ក្តិវរមន្ត្រីនៃក្របខណ្ឌមន្ត្រីបោះឆ្នោតជាន់ខ្ពស់មានចំនួន ៣០ រូប។
ដំឡើងថ្នាក់ក្នុងឋានន្តរស័ក្តិអនុមន្ត្រីនៃក្របខណ្ឌមន្ត្រីបោះឆ្នោតជាន់ខ្ពស់មានចំនួន ៩០ រូប។
ដំឡើងថ្នាក់មន្ត្រីនៃក្របខណ្ឌមន្ត្រីបោះឆ្នោតបឋមមានចំនួន ១០ រូប។
៤. របៀបវារៈផ្សេងៗ៖
ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា បន្ទាប់ពីឯកឧត្តមចុះពិនិត្យមើលការងារចុះឈ្មោះបោះឆ្នោតនៅតាមសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ រួមទាំងព័ត៌មានដែលទទួលបាន ឯកឧត្តមបានវាយតម្លៃថា តួលេខអ្នកមកចុះឈ្មោះបោះឆ្នោត និងតួលេខអ្នកមកធ្វើទិន្នន័យជីវមាត្រក្នុងរយៈពេល ៥ ថ្ងៃកន្លងមកនេះ គឺនៅទាបនៅឡើយ ដូចនេះ ឯកឧត្តមប្រធាន គ.ជ.ប បានណែនាំដល់
ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ត្រូវរិះរកវិធីជម្រុញការងារនេះជាបន្តទៀតដើម្បីឱ្យការចុះឈ្មោះបោះឆ្នោត រួមទាំងការធ្វើទិន្នន័យជីវមាត្រសម្រេចបានតាមផែនការ គឺត្រូវណែនាំទៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត បន្ថែមទៀត ឱ្យសហការជាមួយអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងឱ្យកាន់តែទូលំទូលាយ។ ជាពិសេសទៅទៀតគឺការធ្វើទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត (ដែលភាសាសាមញ្ញ គឺថតរូបថ្មី និងផ្តិតមេដៃឡើងវិញ) សម្រាប់អ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦។
អង្គប្រជុំ គ.ជ.ប ត្រូវបានប្រកាសបិទបញ្ចប់ដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ១០:០០ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕