សេចក្តីប្រកាសព័ត៌មានលេខ ០៥៤ គ.ជ.ប.អគ្គ៖ គ.ជ.ប ពង្រឹងសមត្ថភាពមន្រ្តីបោះឆ្នោត អំពីនីតិវិធីពាក់ព័ន្ធនឹងពាក្យបណ្តឹងក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥

នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្តសៀមរាប គណៈកម្មាធិការ-ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបិទវគ្គបណ្តុះបណ្តាលប្រមូលផ្តុំតាមតំបន់ស្តីពី “ការពង្រឹងសមត្ថភាពមន្រ្តីបោះឆ្នោតអំពីនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥” ជូនដល់លេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោត (ល.ខ.ប) និងក្រុមប្រឹក្សាសង្កាត់ទាំងអស់នៃក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប។

នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ឯកឧត្ដម ទេព នីថា បានថ្លែងថា កាលពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ គ.ជ.ប បានរៀបចំវគ្គបណ្តុះបណ្តាលជូនដល់ប្រធាន អនុប្រធាន និងអ្នក-បច្ចេកទេសនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅទីស្តីការ គ.ជ.ប ស្តីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត” លើការងារទូទៅគ្រប់ជំនាញ ប៉ុន្តែវគ្គបណ្តុះបណ្តាលនៅពេលនេះមានលក្ខណៈពិសេស ដោយផ្តោតជាសំខាន់តែលើការងារជំនាញពាក់ព័ន្ធនឹងនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ដែលរួមមាន ក្របខណ្ឌច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងវិធីសាស្រ្តក្នុងការធ្វើកំណត់ហេតុ ការចុះស៊ើបអង្កេតស្រាវជ្រាវ វិធីសាស្រ្តក្នុងការតាក់តែងសេចក្តីសម្រេច របៀបរបបនៃការប្រជុំសម្រេច និងរបៀបនៃការប្រើប្រាស់កម្មវិធីគ្រប់គ្រងសំណុំរឿង និងរបាយការណ៍ពាក់ព័ន្ធនឹងពាក្យបណ្តឹងក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដោយផ្អែកតាមបទពិសោធន៍ និងករណីជាក់ស្តែងនាពេលកន្លងមក។

ឯកឧត្ដមបានមានប្រសាសន៍ទៀតថា កាលពីឆ្នាំ២០២៤ គ.ជ.ប បានរៀបចំវគ្គបណ្តុះបណ្តាលប្រមូលផ្តុំលើការងារជំនាញនេះចំនួន ២វគ្គរួចមកហើយ គឺនៅខេត្តតាកែវ និងខេត្តកំពត ហើយ គ.ជ.ប ពិនិត្យឃើញថា វគ្គបណ្តុះបណ្តាលប្រមូលផ្តុំនេះ ពិតជាបានរួមចំណែកយ៉ាងខ្លាំងក្នុងការពង្រឹងចំណេះដឹង និងសមត្ថភាពរបស់មន្រ្តីបោះឆ្នោតថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការដោះស្រាយពាក្យបណ្តឹងបានទាន់ពេលវេលា និងត្រឹមត្រូវតាមច្បាប់ កាត់បន្ថយជម្លោះ និងបង្កើនការជឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធលើដំណើរការនៃការបោះឆ្នោត។ ឯកឧត្តមបានបន្តថា យោងតាម បទពិសោធជោគជ័យនេះ និងក្នុងគោលបំណងកសាង និងពង្រឹងសមត្ថភាពមន្រ្តីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទទួលការធ្វើប្រតិភូកម្មអំណាចពី គ.ជ.ប និងជាយន្តការថ្នាក់ដំបូងក្នុងការអនុវត្តនីតិវីធីទទួល និងដោះស្រាយពាក្យបណ្តឹងក្នុងដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ក្នុងឆ្នាំ២០២៥ នេះ ឯកឧត្តមប្រធាន គ.ជ.ប បានអនុញ្ញាតឱ្យអគ្គលេខាធិការដ្ឋាន គ.ជ.ប រៀបចំវគ្គបណ្តុះបណ្តាលប្រមូលផ្តុំចំនួន ២វគ្គ បន្តទៀត សំដៅលើកកម្ពស់គុណភាពបញ្ជីបោះឆ្នោតដែលជាឯកសារសំខាន់មិនអាចខ្វះបានក្នុងការបោះឆ្នោត។

ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប មានជំនឿយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលនេះហើយ ល.ខ.ប នីមួយៗ មានការយល់ដឹងកាន់តែច្បាស់អំពីច្បាប់ បទបញ្ជា និងនីតិវិធី បច្ចេកទេស ព្រមទាំងវិធីសាស្រ្តល្អៗពាក់ព័ន្ធនឹងនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង សម្រាប់យកទៅអនុវត្តក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥  និងឆ្នាំខាងមុខ ដើម្បីផ្សព្វផ្សាយ និងផ្តល់ការបណ្តុះបណ្តាលបន្តដល់មន្រ្តីក្រោមឱវាទ និងក្រុមប្រឹក្សាឃុំ សង្កាត់នៃខេត្តរបស់ខ្លួន សំដៅរួមចំណែកបង្កើនសមត្ថភាពមន្រ្តី និងបង្កើនការជឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធ មកលើគុណភាពបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ និងឆ្នាំ២០២៦ ដែលនឹងត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតជាសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបន្តធ្វើបច្ចុប្បន្នភាពតាមរយៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៧ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៨ ឆ្នាំ២០២៨ តាមការកំណត់នៃច្បាប់។

វគ្គបណ្ដុះបណ្ដាលប្រមូលផ្ដុំតាមតំបន់ដែលធ្វើឡើងរយៈពេល ១ថ្ងៃ នៅទីរួមខេត្តសៀមរាបនេះ មានការអញ្ជើញចូលរួមពីសិក្ខាកាមដែលជាប្រធាន ល.ខ.ប ប្រធានផ្នែកសេវាកម្មច្បាប់ និងបច្ចេកទេស ប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម គ្រូបង្ហាត់ទ្រឹស្ដីនៃ ល.ខ.ប បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ សៀមរាប ប៉ៃលិន ឧត្តរមានជ័យ និងក្រុមប្រឹក្សាសង្កាត់ទាំងអស់នៃក្រុងសៀមរាប សរុបប្រមាណ ១១៥នាក់ ហើយ គ.ជ.ប នឹងរៀបចំវគ្គបណ្ដុះបណ្ដាលដូចគ្នានេះនៅទីរួមខេត្តស្ទឹងត្រែង នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ៕

 

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore