បន្ទាប់ពីការចូលរួមក្នុងសិក្ខាសាលា និងមហាសន្និបាត លើកទី១៣ របស់បណ្តាញពង្រឹង-សមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង (RECEF, Reseau des Competences Electorales Francophones) ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅសាធារណរដ្ឋម៉ូរីស តាមការចាត់តាំងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃព្រះរាជាណាចក្រកម្ពុជា ប្រតិភូ គ.ជ.ប ដែលដឹកនាំដោយ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប នឹងធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥។
រយ:ពេល ៤ថ្ងៃ នៅទីក្រុង Port Louis ប្រតិភូ គ.ជ.ប មកពី ២២ប្រទេស ដែលជាសមាជិក RECEF បានធ្វើការផ្លាស់ប្តូរយោបល់ ចែករំលែកមេរៀន និងបទពិសោធន៍ ក្រោមមូលបទ ”ការការពារការបោះឆ្នោតស្តីពីការគ្រប់គ្រងហានិភ័យ វិបត្តិនៃការបោះឆ្នោត និង
ការកសាងភាពធន់នៃការបោះឆ្នោត” យ៉ាងផុលផុស។
ក្នុងន័យនេះ នៅពេលត្រឡប់មកវិញ ឯកឧត្តម ឌឹម សុវណ្ណារុំ នឹងធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃសិក្ខាសាលា និងមហាសន្និបាត លើកទី១៣ នៃបណ្តាញ RECEF នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៥:៣០នាទីល្ងាច នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ច្រក VIP។
សូមអញ្ជើញអ្នកសារព័ត៌មានចូលរួមក្នុងសន្និសីទសារព័ត៌មាននេះ កុំបីខាន៕