សេចក្តីប្រកាសព័ត៌មានលេខ ០៨៧ គ.ជ.ប.អគ្គ៖ ក្រុមប្រឹក្សាឃុំ បានទទួលពាក្យបណ្ដឹងចំនួន ១ បណ្ដឹង ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត

តាមរបាយការណ៍ពីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំង ២៥ ក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅទូទាំងប្រទេស គឺមានពាក្យបណ្ដឹងតវ៉ាសុំរក្សាទុកឈ្មោះសរុបចំនួន ១បណ្ដឹង ដែលពាក្យបណ្ដឹងនេះត្រូវបានដាក់ទៅក្រុមប្រឹក្សាឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ពាក្យបណ្ដឹងនេះត្រូវបានក្រុមប្រឹក្សាឃុំធិបតី លើកយកមកពិនិត្យ និងប្រជុំសម្រេច ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ ហើយជាលទ្ធផលក្រុមប្រឹក្សាឃុំបានសម្រេចយល់ព្រមតាមពាក្យបណ្ដឹង។ ដោយឡែក នៅថ្នាក់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ពុំបានទទួលពាក្យបណ្ដឹងណាមួយឡើយ។

សូមជម្រាបជូនថា បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ត្រូវបានបិទផ្សាយជាសាធារណៈ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅតាមសាលាឃុំ សង្កាត់ និងទីប្រជុំជនណាមួយក្នុងឃុំ សង្កាត់ទូទាំងប្រទេស ព្រមទាំងមានបង្ហោះផ្សាយនៅលើអាសយដ្ឋានវេប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH ដើម្បីឱ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យផ្សេងៗរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ហើយអាចធ្វើការប្ដឹងតវ៉ា ឬ/និងប្ដឹងជំទាស់ទាក់ទងនឹងបញ្ជីទាំងពីរនេះទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ (ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ជាថ្ងៃចុងក្រោយ) តាមការកំណត់នៃច្បាប់ បទបញ្ជា និងនីតិវិធី រួមនឹងប្រតិទិនសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។

ជារួម ដំណើរការនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត និងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងទាក់ទងនឹងបញ្ជីទាំងពីរនេះ គឺបានប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសល្អប្រសើរ មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានការគំរាមកំហែង។

សូមបញ្ជាក់ជូនថា គ.ជ.ប នឹងរៀបចំបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ ដែលតាមប្រតិទិន ការផ្ដល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ត្រូវធ្វើនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥៕
 

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore