គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការយល់ដឹងអំពីព័ត៌មានក្លែងក្លាយក្នុងបរិបទបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)” រយៈពេល ២ថ្ងៃ នាថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ដែលអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ មានជំនឿយ៉ាងមុតមាំថា តាមរយៈការបណ្ដុះបណ្ដាលនេះ អ្នករាជការ គ.ជ.ប ដែលជាសិក្ខាកាមពិតជាបានយល់ដឹងអំពីសារៈសំខាន់នៃការផ្សព្វផ្សាយព័ត៌មាន ហានិភ័យបណ្តាលមកពីការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការរីកចម្រើននៃបច្ចេកវិទ្យា ចំណុចខ្លាំង ចំណុចខ្សោយ និងការគំរាមកំហែងរបស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មកលើដំណើរការបោះឆ្នោត ព្រមទាំងវិធីសាស្រ្តទប់ស្កាត់ព័ត៌មានក្លែងក្លាយ។
ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប បានមានប្រសាសន៍ថា នៅក្នុងសង្គមប្រជាធិបតេយ្យ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលសកម្មភាពរបស់អ្នកដឹកនាំ លើកកម្ពស់តម្លាភាព និងទំនួលខុសត្រូវរបស់អ្នកនយោបាយ សំដៅរួមចំណែកអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើន ព្រមទាំងរាយការណ៍អំពីព្រឹត្តិការណ៍នានាជូនប្រជាពលរដ្ឋបានដឹងដើម្បីធ្វើការសម្រេចផ្នែកនយោបាយ ប៉ុន្តែការផ្សព្វផ្សាយព័ត៌មានក៏អាចជាអាវុធមុខពីរដែលបង្កឱ្យមានជម្លោះ ការបែកបាក់ អស្ថិរភាពសង្គម និងគំរាមកំហែងដល់សន្តិសុខជាតិ ប្រសិនបើព័ត៌មានទាំងនោះជាព័ត៌មានក្លែងក្លាយ។ ឯកឧត្ដម បានមានប្រសាសន៍ទៀតថា ក្នុងបរិបទនៃសាកលភាវូបនីយកម្ម និងការរីកចម្រើនជឿនលឿននៃបច្ចេកវិទ្យាព័ត៌មាន ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលបានរួមចំណែកយ៉ាងខ្លាំងក្នុងការបង្កើតព័ត៌មាន និងបញ្ជូនព័ត៌មានបានលឿន និងទូលំទូលាយដល់ដៃប្រជាពលរដ្ឋទូទាំងសកលលោក ប៉ុន្តែភាពរីកចម្រើននេះក៏កំពុងបង្កផលប៉ះពាល់អវិជ្ជមានមួយចំនួនដល់ពិភពលោកតាមរយៈរូបភាព ឬសំឡេងក្លែងក្លាយ និងព័ត៌មានក្លែងក្លាយជាដើម។
ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប បានលើកឡើងទៀតថា ការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងដំណើរការបោះឆ្នោត មានការកើនឡើងខ្លាំង ដែលអាចបង្កជាការគំរាមកំហែងថ្មី និងគួរឱ្យព្រួយបារម្ភទាំងមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោត។ ឯកឧត្ដម ក៏លើកជាឧទាហរណ៍នៅបណ្ដាប្រទេសមួយចំនួនដែលបានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នេះ ដូចជាធ្វើយុទ្ធនាការឃោសនាបោះឆ្នោតចេញពីពន្ធនាគារ ប្រឌិតវីដេអូ និងសំឡេងអំពាវនាវប្រជាពលរដ្ឋកុំឱ្យទៅបោះឆ្នោតជាដើម។ ទាំងអស់នេះ គឺជាករណីសិក្សាសម្រាប់ គ.ជ.ប ដកពិសោធន៍ដើម្បីត្រៀមលក្ខណៈរៀបចំការបោះឆ្នោតនាពេលខាងមុខ ជាពិសេសគឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។
ឯកឧត្ដម ទេព នីថា ក៏បានផ្ដាំផ្ញើដល់អ្នករាជការ គ.ជ.ប ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មាននានាដែលខ្លួនទទួលបាន និងចែកចាយបន្ត ព្រមទាំងយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅផ្សព្វផ្សាយបន្តដល់មន្រ្តីបោះឆ្នោត សាច់ញាតិ និងមិត្តភក្តិដទៃទៀត ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត និងលុបបំបាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមសរុប ៧០នាក់ ដែលជាប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃ លធ.ខប ទាំង ២៥ រាជធានី ខេត្ត និងមន្ត្រីនៅទីស្ដីការ គ.ជ.ប៕