គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមថ្កោលទោសដាច់អហង្ការចំពោះការបាញ់ប្រហាររបស់ទាហានថៃមកលើប្រជាជនកម្ពុជា ដែលជាជនស៊ីវិលស្លូតត្រង់ ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ១៥:៥០នាទី ក្នុងថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលធ្វើឱ្យប្រជាជនកម្ពុជា ១រូប បាត់បង់អាយុជីវិត និងជាច្រើននាក់ទៀតរងរបួស។
ការវាយប្រហារនេះ ជាអំពើឃោរឃៅយង់ឃ្នង អមនុស្សធម៌ ដែលមិនត្រឹមជាការរំលោភបំពានលើ អធិបតេយ្យរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលោភបំពានធ្ងន់ធ្ងរលើសេចក្ដីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ថ្មីៗកន្លងទៅនេះ អំឡុងពេលដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានវត្តមានជាសាក្សីពី ឯកឧត្តម ដូណាល់ ត្រាំប្រធានាធិបតីសហរដ្ឋអាម៉េរិក និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន។ សកម្មភាពបាញ់ប្រហាររបស់ភាគីថៃ ក៏ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដល់ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាន និងលិខិតូបករណ៍អន្តរជាតិនានា។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសង្កេតឃើញថា ភាគីថៃបានព្យាយាមរំលោភកិច្ចព្រមព្រៀងឆ្ពោះទៅរកការដោះស្រាយបញ្ហាដោយសន្តិវិធី ដែលខ្លួនបានធ្វើឡើងជាមួយកម្ពុជាម្តងហើយម្ដងទៀត ទោះបីជាមានសហគមន៍អន្តរជាតិជាសាក្សីយ៉ាងណាក្តី។ ភាគីថៃមិនមានឆន្ទៈពិតប្រាកដ ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌ ដែលបានព្រមព្រៀងឡើយ ដូចជាករណីការបដិសេធបញ្ជូនវីរៈកងទ័ពកម្ពុជាចំនួន ១៨នាក់ ដែលខ្លួនបានចាប់ទាំងខុសច្បាប់ មកកម្ពុជាវិញក្នុងថ្ងៃទី១២ខែវិច្ឆិកា ជាដើម។ ទន្ទឹមគ្នានេះ ភាគីថៃតែងតែរកលេសឈ្លានពានកម្ពុជា។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើខុសច្បាប់របស់ភាគីថៃ ដោយទាមទារឱ្យភាគីថៃទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានដ៏កំរោល និងអមនុស្សធម៌នេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់រាល់អរិភាព ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពតំបន់ ហើយងាកមកគោរពសេចក្តីថ្លែងការណ៍រួម ស្ដីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចក្រោមច្បាប់អន្ដរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជឿជាក់ និងគាំទ្រទាំងស្រុងលើចំណាត់ការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព និងការពារអធិបតេយ្យ បូរណភាពដែនដី ឯករាជ្យ និងសុវត្ថិភាពប្រជាពលរដ្ឋ៕