សេចក្តីប្រកាសព័ត៌មាន គ.ជ.ប លេខ ០៩៥ គ.ជ.ប.អគ្គ៖ គ.ជ.ប រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីសេចក្តីព្រាង “គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ គ.ជ.ប”

នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីសេចក្តីព្រាង “គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ គ.ជ.ប” ជូនដល់មន្ត្រី គ.ជ.ប ចំនួន ១៤០ នាក់ នៅសណ្ឋាគារ កំពត ឌីយ៉ាម៉ង់ ខេត្តកំពត។

 

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលា ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃ គ.ជ.ប បានគូសបញ្ជាក់ថា “គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ គ.ជ.ប” គឺជាឯកសារគោលសម្រាប់ចង្អុលបង្ហាញ និងណែនាំនូវវិធាន និងនីតិវិធីលម្អិតនៃការងារគ្រប់គ្រងហិរញ្ញវត្ថុ ហើយគោលការណ៍ណែនាំនេះមានសារៈសំខាន់ណាស់ដល់អង្គភាពថវិកា និងអង្គភាពពាក់ព័ន្ធដទៃទៀត ដែលនឹងត្រូវប្រើប្រាស់ជាឧបករណ៍ទ្រទ្រង់ និងជំរុញឱ្យ គ.ជ.ប រក្សាបាននូវការរៀបចំថវិកា ការអនុវត្តថវិការបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។

 

គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ គ.ជ.ប ត្រូវអនុវត្តនៅតាមដំណាក់កាលនីមួយៗរបស់វដ្តនៃថវិកា មានជាអាទិ៍ ទី១-ដំណាក់កាលរៀបចំថវិកា ទី២-ដំណាក់កាលអនុវត្តថវិកា ទី៣-ដំណាក់កាលតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកា និងទី៤-មានសមាសធាតុពាក់ព័ន្ធទាំងផ្នែកលទ្ធកម្មសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការងារសវនកម្មផ្ទៃក្នុង។

 

មុនប្រកាសបិទសិក្ខាសាលានេះ ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប បានណែនាំដល់សិក្ខាកាមដែលជាមន្ត្រីជំនាញ ឱ្យចូលរួមប្រើប្រាស់គោលការណ៍ណែនាំនេះប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីធានានូវប្រសិទ្ធភាពខ្ពស់នៃការងារថវិកា និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់អង្គភាព ក៏ដូចជារបស់ គ.ជ.ប ទាំងមូល ដែលអាចឆ្លើយតបទៅនឹងការផ្លាស់ប្តូរជាបណ្តើរៗពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើធាតុចូល និងមជ្ឈការឆ្ពោះទៅប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬប្រព័ន្ធគ្រប់គ្រងផ្អែកលើលទ្ធផល ឬសមិទ្ធកម្ម និងវិមជ្ឈការដែលរាជរដ្ឋាភិបាលប្តេជ្ញាថានឹងសម្រេចឱ្យបាននាពេលខ្លីខាងមុខ៕

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore