សេចក្តីថ្លែងការណ៍ ចំពោះសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមថ្កោលទោសដាច់អហង្ការ និងសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ដោយប្រើប្រាស់យន្ដហោះ F-16 អាវុធធុនធ្ងន់ និងផ្សែងពុល ក្នុងតំបន់ជាច្រើនជាពិសេសនៅក្នុងភូមិសាស្រ្ដខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដែលធ្វើឱ្យ ប្រជាពលរដ្ឋជាជនស៊ីវិលស្លាប់ និងរងរបួសមួយចំនួន ព្រមទាំងខូចខាតទ្រព្យសម្បត្ដិរដ្ឋ និងឯកជនរបស់ប្រជាជនកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់។

សង្គ្រាមឈ្លានពានរបស់ថៃនេះ មិនត្រឹមជាការរំលោភលើសេចក្តីថ្លែងការណ៍ស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ដោយមាន ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន ជាសាក្សីប៉ុណ្ណោះទេ ថែមទាំងបានប៉ះពាល់ធ្ងន់ធ្ងរដល់សុខសន្តិភាព និងស្ថិរភាពតំបន់ទន្លេមេគង្គ និងអាស៊ាន ព្រមទាំងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់ និងលិខិតូបករណ៍អន្តរជាតិ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាពតំបន់ និងសកល សណ្តាប់ធ្នាប់ពិភពលោក សិទ្ធិមនុស្ស និងជីវភាពពលរដ្ឋ។ កន្លងមក កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវស្មារតីអត់ធ្មត់ ការរក្សាសន្តិភាព ការដោះស្រាយជម្លោះដោយសន្តិវិធី ការគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អំពាវនាវឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសង្គ្រាមឈ្លានពាន ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពប្រទេសទាំងពីរ ហើយងាកមកគោរពសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់បំផុតដើម្បីនាំនូវសន្តិភាព និងប្រក្រតីភាពនៃទំនាក់ទំនងប្រទេសទាំងពីរ ដែលជាគ្រឹះនៃសន្តិភាពតំបន់ និងសកល។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវដល់សហគមន៍អន្តរជាតិពិសេសអាស៊ាន ថ្កោលទោសដាច់អហង្ការ ចំពោះសកម្មភាពរំលោភបំពានដោយកំរោលរបស់ថៃ ហើយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុង ចំពោះទង្វើរបស់ខ្លួន។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមគាំទ្រយ៉ាងខ្លាំងក្លាដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីការពារប្រជាជនកម្ពុជានិងការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងសូមអំពាវនាវដល់ជនរួមជាតិទូទាំងប្រទេស សូមរួបរួមសាមគ្គីគ្នាជាមួយរាជរដ្ឋាភិបាល និងវីរៈកងទ័ព ដើម្បីបុព្វហេតុជាតិ និងមាតុភូមិរបស់យើង៕


 

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore