នាព្រឹកថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប សេចក្តីបំភ្លឺរបស់គ.ជ.ប ពាក់ព័ន្ធនឹងការបោះឆ្នោត និងអនុសាសន៍ ដែលបានលើកឡើងដោយគណៈកម្មាធិការ ដើម្បី ការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា(Comfrel) និងពិនិត្យសម្រេចលើការកំណត់ និងប្រើប្រាស់លេខកូដសម្គាល់រាជធានី ខេត្ត និងលេខកូដការិយាល័យបោះឆ្នោត។
ក្រោយពីបានស្តាប់របាយការណ៍របស់អគ្គនាយកដ្ឋានជំនាញ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប រួចមកអង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាតាមរបៀបវារៈនីមួយៗ ហើយអង្គប្រជុំ គ.ជ.ប បានសម្រេច ដូចខាងក្រោម៖
១. របៀបវារៈទី១៖ អង្គប្រជុំ គ.ជ.ប បានឯកភាពលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។
២. របៀបវារៈទី២៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាមួយទំព័រម្តងៗ ដោយបានធ្វើការកែសម្រួលខ្លឹមសារមួយចំនួនលើសេចក្តីព្រាងនៃសេចក្តីបំភ្លឺរបស់ គ.ជ.ប មាន ៦ ចំណុច និ ងមានចំនួន ១០ទំព័រ រួមមាន៖
- ចំណេះដឹងជាសាធារណៈ និងការចូលរួមការបោះឆ្នោត
- ការឃោសនាបោះឆ្នោត និងការប្រកួតប្រជែងដោយយុត្តិធម៌
- ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត
- យន្តការបណ្តឹង និងដំណោះស្រាយ
- អ្នកសង្កេតការណ៍បោះឆ្នោត និងភ្នាក់ងារគណបក្សនយោបាយ
- និងអនុសាសន៍របស់ Comfrel។
សេចក្តីព្រាងនៃសេចក្តីបំភ្លឺរបស់ គ.ជ.ប ដែលមានចំនួន ១០ ទំព័រនេះ នឹងត្រូវបញ្ជូនទៅឱ្យ Comfrel ដោយមានភ្ជាប់ជាមួយនឹងលិខិតរបស់ គ.ជ.ប ជម្រាបជូន លោកនាយកប្រតិ បត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (Comfrel) បន្ទាប់ពីអង្គភាពជំនាញធ្វើការកែសម្រួលខ្លឹមសាររួច តាមស្មារតីអង្គប្រជុំរបស់ គ.ជ.ប។
៣. របៀបវារៈទី៣៖ អង្គប្រជុំ គ.ជ.ប បានសម្រេចឱ្យអគ្គនាយកដ្ឋានជំនាញ ដូរលេខកូដខេត្តចំនួន ៣ គឺ ខេត្តឧត្តរមានជ័យ ខេត្តកែប និងខេត្តប៉ៃលិន។ ការប្តូរលេខកូដនេះ ដើម្បីឱ្យដូចគ្នាទៅនឹងលេខកូដខេត្ត ដែលបានប្រើដោយក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ហើយការប្តូរនេះនឹងត្រូវធ្វើឡើងនៅពេលចេញបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២៥។ ការងារមួយទៀតអគ្គនាយកដ្ឋានជំនាញត្រូវពិនិត្យ ដើម្បីបន្ថែមលេខកូដការិយាល័យបោះឆ្នោតឱ្យឡើងដល់ ៥ (ប្រាំ)ខ្ទង់ ដែលកន្លងមកមានតែ ៤ (បួន)ខ្ទង់។
អង្គប្រជុំ គ.ជ.ប បានប្រកាសបិទបញ្ចប់ដោយ ឯកឧត្តម ប្រាជ្ញ ចន្ទប្រធាន គ.ជ.ប នៅវេលាម៉ោង ១១:៤០ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ៕