ញត្តិថ្កោលទោស ចំពោះការឈ្លានពានដ៏ឃោរឃៅ និងអមនុស្សធម៌របស់ប្រទេសថៃ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានដ៏ឃោរឃៅ និងអមនុស្សធម៌របស់ប្រទេសថៃ លើដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកំពុងបន្ត និងរីករាលដា​ល​កាន់​តែ​ខ្លាំ​ងឡើងៗ ដោយបានប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ច្រើនប្រភេទ មានជាអាទិ៍ យន្តហោះចម្បាំងប្រភេទអេហ្វ ១៦ (F-16) និងធី ៥០ធីអេច (T-5OTH) នាវាចម្បាំង ការប្រើប្រាស់ផ្សែងពុល និងគ្រាប់បែកចង្កោមជាដើម បាញ់ស្រោចចូល ៨០-៩០គីឡូម៉ែត្រ ក្នុងដែនអធិបតេយ្យភាព​របស់កម្ពុជា តាមខេត្តនានា ដែលមានលំនៅឋានប្រជាជនស៊ីវិលកំពុងរស់នៅ។ អំពើដ៏សាហាវព្រៃផ្សៃទាំងនេះ មិនត្រឹមតែជាការរំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការរំលោភយ៉ាងច្បាស់ក្រឡែត​លើ​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ដែលមា​ន​ការធ្វើជាសាក្សីដោយ ឯកឧត្តម ដូណាល់ ត្រាំ (Donald J. Trump) ប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន។ ទង្វើទាំងនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋានគ្រឹះនៃសន្តិភា​ព​ ស្ថិរភាពតំបន់ និងសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។

 

ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ប្រតិបត្តិការយោធាថៃ បានទម្លាក់គ្រាប់ និងបាញ់ប្រហារ ដោយឥតរើសមុខលើទីតាំងជនស៊ីវិល ដែលបណ្ដាលឱ្យប្រជាជនស្លូតត្រង់ស្លាប់ ៣១នាក់ និងរបួស ៨៧នាក់ ខណៈពេលដែលប្រជាជនជាង ៦០០.០០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ខ្លួន ដែលក្នុងនោះរួមមានស្ត្រី ២៩០.០០០នាក់ និងកុមារ ១៧៥.០០០នាក់។ ការបន្តឈ្លានពានទាំងកំរោលនេះ បានបង្កឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមកលើសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងបេតិកភណ្ឌជាតិ រួមមាន ប្រាសាទព្រះវិហារ ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ ជាដើម។

 

អំពើឈ្លានពានរបស់យោធាថៃ ដែលបានអូសបន្លាយរហូតមកដល់ថ្ងៃនេះ បានវិវត្តពីការប៉ះទង្គិចគ្នាតាមព្រំដែនទៅជាសង្គ្រាមឈ្លានពានយ៉ាងពេញទំហឹងប្រឆាំងនឹងអធិបតេយ្យ និងបូរណភាពទឹកដីនៃកម្ពុជា ដោយមានវត្តមានកងទ័ពថ្មើរជើងថៃ​ចូលផ្ទះសម្បែងប្រជាជនក្នុងទឹកដីកម្ពុជា។ ការបំផ្លិចបំផ្លាញជាប្រព័ន្ធលើអាយុជីវិតជនស៊ីវិល បេតិកភណ្ឌ សាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ​និងជាឧក្រិដ្ឋកម្មសង្រ្គាម ដែលទាមទារឱ្យមានការថ្កោលទោសជាដាច់ខាត។ នៅលើលោកនេះ គ្មានរដ្ឋណាមួយអាចស្ថិតនៅក្រៅច្បាប់នោះទេ ហើយការឈ្លានពានដែលបន្លំខ្លួនក្រោមលេសសន្តិសុខ គឺជាឧក្រិដ្ឋកម្មពិតប្រាកដ។

 

ថ្ងៃនេះ ព្រះរាជាណាចក្រកម្ពុជាទទួលរងការឈ្លានពានយ៉ាងធ្ងន់ធ្ងរពីសំណាក់ប្រទេសថៃ ដែលមានទំហំធំជាង និងមានកម្លាំងយោធាខ្លាំងជាង។ ប្រសិនបើពិភពលោកធ្វើព្រងើយកន្តើយ មិនអើពើ គឺស្មើនឹងការទទួលស្គាល់នូវគំរូដ៏អាក្រក់ នៃការជំរុញការអនុវត្តច្បាប់ព្រៃ «អ្នកខ្លាំងគឺឈ្នះ»។ ប្រសិនបើច្បាប់ព្រៃត្រូវបានអនុវត្តក្នុងតំបន់អាស៊ីអាគ្នេយ៍នៅថ្ងៃនេះ នោះនឹងមិនមានប្រទេសតូចណាមួយលើលោកមានសុវត្ថិភាពនាពេលអនាគតឡើយ។ ការឈ្លានពានរបស់ថៃគួរតែត្រូវទទួលការថ្កោលទោស និងដាក់ទណ្ឌកម្មឱ្យធ្ងន់ធ្ងរបំផុត និងខាងតែបាន។

 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវដល់សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ និង សភានានាជុំវិញពិភពលោក​ សូមដាក់សម្ពាធលើប្រទេសថៃឱ្យបញ្ឈប់រាល់ប្រតិបត្តិការយោធាថៃទាំងអស់នៅក្នុងទឹកដី កម្ពុជាជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ និងទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិ៕

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore