ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ នៅគ្រប់ឃុំ សង្កាត់ទាំង១.៦៥២ ទូទាំងប្រទេស។ ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៦ ហើយដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ សម្រាប់ឆ្នាំ២០២៦ ត្រូវធ្វើចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ។
យោងតាមអនុក្រឹត្យលេខ១០៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ចំនួនសមាជិកក្រុមប្រឹក្សា តាមឃុំ សង្កាត់នីមួយៗសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ នៅតាមរាជធានី ខេត្តមានចំនួន ៥រូប ៧រូប ៩រូប ឬ ១១រូប ផ្អែកតាមកត្តាភូមិសាស្ត្រ និងប្រជាសាស្ត្រជាក់ស្ដែង ហើយចំនួនសរុបនៃសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងប្រទេសសម្រាប់អាណត្តិទី៦ មានចំនួន ១១.៦២២រូប ដូចអាណត្តិទី៥ដែរ។
ដូចនេះ សូមប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោត (គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនាឆ្នាំ២០០៩) ឬប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី រួមទាំងប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ហើយមានបំណងកែតម្រូវទិន្នន័យជីវប្រវត្តិ (ប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត) ឬប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ ឬឆ្នាំ២០១៧ ដែលមិនធ្លាប់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត កែតម្រូវ ឬធ្វើបច្ចុប្បន្នភាពជាមួយក្រុមចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ដែលបងប្អូនកំពុងរស់នៅ តាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើ៕