នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប សេចក្តីព្រាងប្រតិទិន ផែនការមេ និងសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (ប.ន.ឃ.ស)។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់ឯកឧត្តមអគ្គលេខាធិការ គ.ជ.ប អំពីការងារដែលពាក់ព័ន្ធនឹងកិច្ចប្រជុំ គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើខ្លឹមសារតាមរបៀបវារៈនីមួយៗ ហើយអង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖
១. របៀបវារៈទី១៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សា និងកែសម្រួលពាក្យពេចន៍លើកំណត់ហេតុ និងបានឯកភាពលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។
២. របៀបវារៈទី២៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សា និងបានសម្រេច ដូចខាងក្រោម៖
- ឯកភាពលើប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧
- ឯកភាពលើផែនការមេ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧។
៣. របៀបវារៈទី៣៖ លោកប្រធានលេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានរាយការណ៍ជូនអង្គប្រជុំ គ.ជ.ប អំពីការតាក់តែង និងចំណុចដែលបានធ្វើការកែសម្រួលតាមជំពូកនីមួយៗនៃសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (ប.ន.ឃ.ស) ថា បន្ទាប់ពីរាជរដ្ឋាភិបាលកំណត់យកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ រួចមក លេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋាន គ.ជ.ប (ល.អ.គ) បានពិនិត្យ និងសិក្សាលើខ្លឹមសារដែលមានចែងក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ បន្ទាប់មកលេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានរៀបចំតាក់តែងសេចក្តីព្រាងបទបញ្ជា និងនីតិវិធី ឱ្យសមស្របតាមលំដាប់លំដោយនៃបញ្ញត្តិនីមួយៗ និងធ្វើឡើងឱ្យស្របទៅនឹងបរិការណ៍សង្គមបច្ចុប្បន្ន និងឆ្លើយតបទៅនឹងចក្ខុវិស័យរបស់ គ.ជ.ប ដែលអាចធានាបាននូវនីត្យានុកូលភាព អនុលោមភាព សង្គតិភាព ចីរភាព និងប្រសិទ្ធភាព ក្នុងការអនុវត្ត ដោយយោងលើច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត (ច.វ.ច.ប) និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតដែលទាក់ទងទៅនឹងការបោះឆ្នោត ដូចជា ច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីសញ្ជាតិ និងអនុក្រឹត្យ ព្រមទាំងប្រកាសអន្តរក្រសួង ប្រកាសក្រសួង ជាដើម។
បន្ទាប់មកអង្គប្រជុំ គ.ជ.ប បានចាប់ផ្តើមពិនិត្យ និងពិភាក្សាមួយជំពូកម្តងៗ បន្ទាប់ពីស្តាប់របាយការណ៍សង្ខេបរបស់លោកប្រធានលេខាធិការដ្ឋានតាមជំពូកនីមួយៗ នៃសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (ប.ន.ឃ.ស)។ សេចក្តីព្រាងបទបញ្ជា និងនីតិវិធីនេះ មានទាំងអស់ ១៤ ជំពូក និងមានឧបសម្ព័ន្ធ ៩ ដែលជំពូកនីមួយៗមានចំណងជើងដូចខាងក្រោម៖
- ជំពូកទី១: បទប្បញ្ញត្តិទូទៅ
- ជំពូកទី២: ការគ្រប់គ្រងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
- ជំពូកទី៣: ការចុះឈ្មោះបោះឆ្នោត បញ្ជីបោះឆ្នោត និងការបោះឆ្នោត
- ជំពូកទី៤: ប្រព័ន្ធបោះឆ្នោត និងការបែងចែកអាសនៈ
- ជំពូកទី៥: ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត
- ជំពូកទី៦: ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
- ជំពូកទី៧: ការឃោសនាបោះឆ្នោត
- ជំពូកទី៨: ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន
- ជំពូកទី៩: ការរៀបចំ ការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការបោះឆ្នោត
- ជំពូកទី១០: ការបិទការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រមូល ប្រគល់ ទទួលសម្ភារបោះឆ្នោត
- ជំពូកទី១១: លទ្ធផលបណ្តោះអាសន្ន លទ្ធផលផ្លូវការ និងការជំទាស់ចំពោះលទ្ធផលនៃការបោះឆ្នោត
- ជំពូកទី១២: ការបិទការិយាល័យបោះឆ្នោតក្នុងគ្រាមានអាសន្ន និងការបោះឆ្នោតសាជាថ្មី
- ជំពូកទី១៣: ការបោះឆ្នោតឡើងវិញ
- ជំពូកទី១៤: ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងចំពោះគ្រប់អំពើបំពានលើទោសប្បញ្ញត្តិនៃ ច.ប.ឃ.ស ឬ ច.វ.ច.ប ពាក់ព័ន្ធនឹងការបោះឆ្នោត និងសមត្ថកិច្ច និងនីតិវិធីប្រជុំផ្សះផ្សា ប្រជុំសម្រេច និងសវនាការដោះស្រាយពាក្យបណ្តឹង ព្រមទាំងបែបបទ និងនីតិវិធីនៃការអនុវត្តទណ្ឌកម្មរបស់ គ.ជ.ប។
- ឧបសម្ព័ន្ធ: មាន ៩ ឧបសម្ព័ន្ធ។
បន្ទាប់ពីបានដំណើរការប្រជុំអស់រយៈពេល ២ថ្ងៃ រួចមក នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ អង្គប្រជុំ គ.ជ.ប សម្រេចឯកភាពលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (ប.ន.ឃ.ស) ហើយបទបញ្ជា និងនីតិវិធីនេះ នឹងត្រូវបញ្ជូនទៅឱ្យភាគីពាក់ព័ន្ធពិនិត្យ និងផ្តល់យោបល់មក គ.ជ.ប វិញ មុននឹង គ.ជ.ប សម្រេចអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧។
អង្គប្រជុំ គ.ជ.ប បានប្រកាសបិទបញ្ចប់ដោយ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ១១:៥៨ នាទីព្រឹក នាថ្ងៃទី២៤ ខែឆ្នាំដដែល ៕