សេចក្តីប្រកាសព័ត៌មាន លេខ​ ០០៨​ គ.ជ.ប.អគ្គ៖​ គ.ជ.ប ទទួលជួបអង្គការខុមហ្វ្រែល ស្ដីពីលទ្ធផលសង្កេត និងឃ្លាំមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការធ្វើសវនកម្មបញ្ជីបោះឆ្នោតឆ្នាំ២០២៥

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ប្រាជ្ញ ចន្ទ  ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្ដម ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប បានដឹកនាំមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ទទួលជួបពិភាក្សាជាមួយតំណាងគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ដែលដឹកនាំដោយ លោក សុក សំអឿន ប្រធានគណៈកម្មាធិការនាយកអង្គការខុមហ្វ្រែល ពាក់ព័ន្ធនឹងរបាយការណ៍សង្ខេបស្ដីពី «លទ្ធផលសង្កេត និងឃ្លាំមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការធ្វើសវនកម្មបញ្ជីបោះឆ្នោតឆ្នាំ២០២៥ និងអនុសាសន៍សម្រាប់ឆ្នាំ២០២៦» នៅទីស្ដីការ គ.ជ.ប នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។
ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ ឯកឧត្ដម ហង្ស ពុទ្ធា បានស្វាគមន៍ចំពោះវត្តមានរបស់ប្រតិភូអង្គការខុមហ្វ្រែល និងបានថ្លែងអំណរគុណចំពោះការចូលរួមក្នុងនាមជាភាគីពាក់ព័ន្ធមួយដ៏សំខាន់ក្នុងការសង្កេតមើលដំណើរការចុះឈ្មោះបោះឆ្នោតនាពេលកន្លងមក ព្រមទាំងបានដាក់របាយការណ៍ជូន គ.ជ.ប កាលពីពេលថ្មីៗនេះ។


ជំនួបនេះបានធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាបន្ថែមលើរបាយការណ៍មុននឹងអង្គការខុមហ្វ្រែល ដាក់បង្ហាញជាសាធារណៈនាពេលឆាប់ៗខាងមុខនេះ។

ភាគីអង្គការខុមហ្វ្រែល បានធ្វើបទបង្ហាញ និងលើកឡើងអំពីរបាយការណ៍ដែលខ្លួនបានរកឃើញក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការធ្វើសវនកម្មបញ្ជីបោះឆ្នោតឆ្នាំ២០២៥ មានជាអាទិ៍៖ 
-ការអនុវត្តការងាររបស់មន្រ្តីចុះឈ្មោះបោះឆ្នោត (ការបិទផ្សាយប្រតិទិនការងារ បញ្ជីបោះឆ្នោត និងការរៀបចំសម្ភារ សណ្តាប់ធ្នាប់តាមការិយាល័យចុះឈ្មោះបោះឆ្នោត)
-ការចូលរួមរបស់ភាគីពាក់ព័ន្ធពុំសូវមានច្រើន និងពេញលេញ
-ការប្រឈមដោយកត្តាធម្មជាតិ កត្តាចំណាកស្រុក កត្តាសម្ភារ បរិក្ខារបច្ចេកទេស 
-និងការរកឃើញទិន្នន័យសង្ស័យមានឈ្មោះស្ទួន ជាដើម។
ទន្ទឹមនឹងនោះ អង្គការខុមហ្វ្រែល បានផ្ដល់អនុសាសន៍ជូនដល់ គ.ជ.ប សម្រាប់ការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នាពេលខាងមុខនេះផងដែរ  រួមមាន៖
-ការជំរុញ និងលើកកម្ពស់ការយល់ដឹងអំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោតឱ្យបានកាន់តែប្រសើរ (ទិន្នន័យជីវប្រវត្តិ និងទិន្នន័យជីវមាត្រ)
-ការជំរុញការលុបឈ្មោះស្ទួន ឬ/និងសង្ស័យស្ទួន ប្រសិនបើ គ.ជ.ប ត្រួតពិនិត្យផ្ទៀងផ្ទាត់តាមលក្ខណៈ បច្ចេកទេសបន្ថែមឃើញថាពិតជាទិន្នន័យស្ទួនប្រាកដមែន
-ការស្នើសុំអន្តរាគមន៍ពី គ.ជ.ប សម្របសម្រួល និងណែនាំដល់លេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោត (ល.ខ.ប) មួយចំនួនសហការ និងសម្របសម្រួលជូនអ្នកសង្កេតការណ៍ខុមហ្វ្រែល ក្នុងការចុះសិក្សា និងប្រមូលព័ត៌មានក្នុងដំណើរការចុះឈ្មោះបោះឆ្នោត ស្របតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃលេខ២០០៦ ស.ជ.ណ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨
-ការដោះស្រាយបញ្ហាប្រឈមផ្នែកសម្ភារ បរិក្ខារបច្ចេកទេស ការរៀបចំ និងការគ្រប់គ្រងសណ្តាប់ធ្នាប់ តាមការិយាល័យចុះឈ្មោះ ព្រមទាំងការកាត់បន្ថយនីតិវិធីបំពេញដោយដៃ
-ការបង្កើនការផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងសហការជាមួយភាគីពាក់ព័ន្ធសំខាន់ៗដូចជា គ្រឹះស្ថានសិក្សា និងវិស័យឯកជនមួយចំនួន ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មករ និងនិស្សិតឱ្យមានច្បាប់ឈប់សម្រាកមកចុះឈ្មោះបោះឆ្នោត 
-ការពង្រឹងវត្តមានរបស់មន្ត្រីចុះឈ្មោះបោះឆ្នោតក្នុងម៉ោងពេលបំពេញការងារ។

 

ឯកឧត្ដម ហង្ស ពុទ្ធា បានមានប្រសាសន៍ថា បន្ទាប់ពីបានទទួលរបាយការណ៍ពីអង្គការខុមហ្វ្រែល នាយកដ្ឋានពាក់ព័ន្ធ បានសិក្សាលើករណីនីមួយៗយ៉ាងយកចិត្តទុកដាក់ ហើយ គ.ជ.ប អាចធ្វើការវាយតម្លៃថា ករណីទាំងនោះមានផលប៉ះពាល់តិចតួចក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំ និងការរៀបចំបញ្ជីបោះឆ្នោត។ ឯកឧត្ដមបានបញ្ជាក់ថា បញ្ហាប្រឈមខ្លះៗដែលបានរកឃើញ គឺជាកំហុសផ្នែកការអនុវត្តការងាររដ្ឋបាលបោះឆ្នោតខ្លះៗរបស់មន្ត្រីចុះឈ្មោះបោះឆ្នោត កត្តាសម្ភារ បរិក្ខារដែលប្រើប្រាស់យូរឆ្នាំដែលបញ្ហាទាំងនេះ គ.ជ.ប បាននិងកំពុងបន្តខិតខំចាត់វិធានការដោះស្រាយ និងកែលម្អឱ្យបានជាប់ជាប្រចាំសម្រាប់ការអនុវត្តនៅឆ្នាំបន្តបន្ទាប់។ ដោយឡែកចំពោះឈ្មោះស្ទួន និងទិន្នន័យសង្ស័យស្ទួន អង្គភាពជំនាញបានសិក្សាផ្ទៀងផ្ទាត់បន្ថែមតាមរយៈស្នាមម្រាមដៃ រកឃើញថា មានឈ្មោះស្ទួនចំនួន ៣៦ឈ្មោះ ស្មើនឹង ១៨រូប ប៉ុន្តែទិន្នន័យចំនួន ២២ទៀត ពុំមែនជាទិន្នន័យស្ទួននោះទេ។


ឯកឧត្ដម ហង្ស ពុទ្ធា បានមានប្រសាសន៍បន្ថែមថា អនុសាសន៍ភាគច្រើនដែលអង្គការខុមហ្វ្រែលផ្ដល់ជូនមក គ.ជ.ប តាមរយៈរបាយការណ៍នេះ គឺអាចទទួលយកបាន ហើយក៏ស្របនឹងកិច្ចខិតខំប្រឹងប្រែងរបស់ គ.ជ.ប ក្នុងការពិនិត្យ ការចាត់វិធានការដោះស្រាយ និងកែលម្អជាប្រចាំក្នុងដំណើរការអនុវត្តការងារជាក់ស្តែង។ 


ជំនួបទ្វេភាគីនេះ បានប្រព្រឹត្តទៅដោយរលូនក្នុងរយៈពេលពីរម៉ោង ក្នុងបរិយាកាសស្និទស្នាល និងយោគយល់៕

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore