នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលជូនដល់គ្រូបង្ហាត់ និងមន្ត្រី គ.ជ.ប ស្តីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦” នៅទីស្ដីការ គ.ជ.ប ក្រោមអធិបតីភាព ឯកឧត្តម ស៊ុំ ប៊ុនហុង អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ស៊ុំ ប៊ុនហុង បានមានប្រសាសន៍ថា ដើម្បីធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយរលូន និងទាន់ពេលវេលា ស្របតាមច្បាប់ និងបទបញ្ជា និងនីតិវិធី បទដ្ឋាននានា ដែលនៅជាធរមាន គ.ជ.ប ចាំបាច់ត្រូវធ្វើការបណ្តុះបណ្តាលដល់មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ ទាំងនៅថ្នាក់ គ.ជ.ប ថ្នាក់រាជធានី ខេត្ត និងនៅថ្នាក់ប្រមូលផ្តុំក្រុង ស្រុក ខណ្ឌ។ ក្រៅពីវគ្គបណ្តុះបណ្តាលទាំងនេះ គ.ជ.ប ក៏បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធជាទៀងទាត់ ការអប់រំ ការផ្សព្វផ្សាយ និងការបញ្រ្ជាបការយល់ដឹងដល់អ្នកបោះឆ្នោត សាធារណជន និងភាគីពាក់ព័ន្ធ ព្រមទាំងធ្វើទំនាក់ទំនងជាមួយភាគីជាតិ និងអន្តរជាតិ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ ផ្លាស់ប្តូរបទពិសោធ សំដៅធ្វើឱ្យការបោះឆ្នោតកាន់តែមានតម្លាភាព និងមានការទទួលស្គាល់ពីគ្រប់ភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ។
ឯកឧត្តម ស៊ុំ ប៊ុនហុង បានគូសបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ គឺជាកិច្ចការមួយដ៏ចាំបាច់របស់ គ.ជ.ប មុនឈានដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ដោយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ (អ្នកកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩) និងអ្នកដែលមិនធ្លាប់បានចុះឈ្មោះបោះឆ្នោតពីមុនមក អញ្ជើញមកចុះឈ្មោះបោះឆ្នោត និងអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ មកធ្វើការកែតម្រូវទិន្នន័យជីវប្រវត្តិ ដូចជាប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ កែតម្រូវឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត និងមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រឡើងវិញ (ថតរូប និងផ្តិតស្នាមម្រាមដៃ) ចំពោះអ្នកបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ជាមួយក្រុមចុះឈ្មោះបោះឆ្នោត។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ស៊ុំ ប៊ុនហុង ក៏បានណែនាំដល់សិក្ខាកាម ជាពិសេសគ្រូបង្ហាត់ គ.ជ.ប ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សា ទាំងផ្នែកទ្រឹស្តី ទាំងបច្ចេកទេស ព្រមទាំងគ្រូឧទ្ទេសទាំងអស់ឱ្យយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀន តាមកម្មវិធីដែលបានកំណត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមនិយាមគរុកោសល្យ គួបផ្សំនឹងវិធីសាស្ត្រ និងបទពិសោធនានាដែលបានជួបប្រទះ និងបានឆ្លងកាត់ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតនាឆ្នាំកន្លងមក។
សូមជម្រាបជូនថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតឆ្នាំ២០២៦ ត្រូវធ្វើចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៧ ក្នុងនោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ៥៥ថ្ងៃ ចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦៕