សេចក្ដីអំពាវនាវលេខ ០០២ គ.ជ.ប.ស.អ.ន របស់ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យ​បាន​​ជ្រាប​ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ចាប់ផ្តើមពីថ្ងៃទី៧ ខែតុលា ដល់​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០​២៦ នៅតាមសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។

 

ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នេះ គ.ជ.ប សូមអំពាវនាវ​ចំពោះ​បងប្អូ​ន​ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៥ អញ្ជើញទៅពិនិត្យមើលឈ្មោះ​របស់ខ្លួ​ន​​​ដែ​ល​បិទ​ផ្សា​យ​នៅតាមសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនមួយចំនួនក្នុងឃុំ សង្កាត់ ឬពិនិត្យតាមរយៈ​លិខិតអញ្ជើញ​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ឬចូលពិនិត្យ​​មើ​ល​​​តាម​អាសយ​ដ្ឋា​ន​​វេ​ប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH ដើម្បីឱ្យប្រាកដថា ខ្លួនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវនៅក្នុងបញ្ជីបោះឆ្នោត។ ​​​​​​​​​​​​​​ 

 

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នេះ ប្រជាពលរដ្ឋខ្មែរដែលមាន​អាយុ ១៨ឆ្នាំឡើង​ គិតដល់ថ្ងៃបោះឆ្នោតនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ (កើតមុន ឬ​​ត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩) ដែលមិនទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោតពីមុនមក ឬប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់​ចូលក្នុងឃុំ សង្កាត់ថ្មី ឬ​ប្រជាពល​រ​ដ្ឋ​ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ដែលមានបំណង​កែតម្រូវ​ទិន្នន័​យ​ជីវ​ប្រ​វតិ្ត (ប្តូរការិយា​ល័​យ​​​​បោះឆ្នោតក្នុងឃុំ សង្កាត់ ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ឬផ្លាស់ប្តូរ​ឯកសារ​ចុះឈ្មោះបោះឆ្នោត) ឬ​ធ្វើ​បច្ចុ​ប្ប​ន្ន​ភា​ព​​​ទិន្នន័យ​ជីវមាត្រ (ថតរូប និ​ង​​ផ្តិតមេដៃ) ចំពោះ​​អ្នកចុះឈ្មោះ​បោះឆ្នោតក្នុងឆ្នាំ២០១៦ ឬ​ឆ្នាំ២០១៧ ដែលមិនធ្លាប់ធ្វើ​បច្ចុ​ប្ប​ន្ន​ភា​ព​​​ទិន្នន័យ​ជីវមាត្រក្នុង​បញ្ជីបោះឆ្នោតពីមុនមក សូមអញ្ជើញបងប្អូនទៅជួប​ក្រុមចុះឈ្មោះ​បោះឆ្នោត​នៅការិយាល័យចុះឈ្មោះបោះឆ្នោតដែល​នៅសាលា​​ឃុំ សង្កាត់ ឬចល័តតាមភូមិក្នុងឃុំ សង្កាត់ ដែល​សាមី​ខ្លួ​ន​ត្រូវបោះឆ្នោត​​តាម​ប្រតិទិនរបស់ក្រុមចុះឈ្មោះ​​​​​បោះឆ្នោត។

 

ទន្ទឹម​​នឹង​នេះ គ.ជ.ប សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ រួមមានគណបក្សនយោបាយ សមាគម និ​ង​​​​អង្គការ​មិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេ​ត្តា​ជួយផ្សព្វផ្សាយ​ខ្លឹម​សា​រ​នៃ​សេចក្តីអំពាវនាវនេះ ជូនប្រជាពលរដ្ឋខ្មែរឱ្យបានយល់ជ្រួតជ្រាប និងជួយជំរុញ​ប្រជាពលរដ្ឋ​ទៅ​ពិនិត្យមើល​ឈ្មោះ និ​ង ​ចុះ​ឈ្មោះ​បោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា។
 

គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋខ្មែរ និងភាគីពាក់ព័ន្ធ​ទាំង​អស់ នឹងចូលរួមសហការ​តា​ម​ការ​អំពាវនាវក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយគោរពតាមច្បាប់ជាធរមាន ដើម្បី​ឱ្យ​​​ដំណើរ​ការនៃការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ​​​​​​​​​​​​​​ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ៕

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore