សេចក្តីប្រកាសព័ត៌មានលេខ ០២១ គ.ជ.ប.អគ្គ៖ គ.ជ.ប បិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ និងបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត នៅគ្រប់ឃុំ សង្កាត់

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) និងក្រុមប្រឹក្សាឃុំ សង្កាត់ បានបិទផ្សាយជាសាធារណៈនូវបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ និងបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនណាមួយក្នុងឃុំ សង្កាត់ទាំង ១.៦៥២ ទូទាំងប្រទេស ដើម្បីបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ 


ការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ មានគោលបំណងឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនឡើងវិញ និងអាចស្នើសុំ៖
- កែតម្រូវទិន្នន័យដូចជាឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងករណីពិនិត្យឃើញមានការកត់ត្រាមិនត្រឹមត្រូវតាមអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) ដែលបានប្រើក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក
- ប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ 
- ផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត ដោយសារ អ.ខ បានផុតសុពលភាព ឬសាមីខ្លួនបានប្រើ ឯ.អ ក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ហើយទើបទទួលបាន អ.ខ 
- ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្ដិតមេដៃ) សម្រាប់អ្នកដែលបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ ហើយមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតពីមុន។

 

បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ និងបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត ក៏មានបង្ហោះផ្សាយនៅលើអាសយដ្ឋានវេបរបស់ គ.ជ.ប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH ។


គ.ជ.ប សូមអញ្ជើញប្រជាពលរដ្ឋពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ និងសូមអញ្ជើញប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ គឺអ្នកកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩ អ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុន និងអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ ទៅចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា៕
 

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore